មេទ័ពអាល្លឺម៉ង់ប្រាប់ក្បួនសឹកដល់អ៊ុយក្រែន បើចង់មានប្រៀបលើរុស្ស៊ី
ប៊ែរឡាំង ៖ មេទ័ពអាល្លឺម៉ង់ លោក Christian Freuding បានប្រាប់ល្បិចដល់អ៊ុយក្រែនវាយបំបាក់ដណ្តើមប្រៀបឈ្នះលើកងទ័ពរុស្ស៊ី ហើយល្បិចនោះ គឺអ៊ុយក្រែនដាច់ខាតត្រូវតែវាយកម្ទេចមូលដ្ឋានទ័ពអាកាស និងឃ្លាំងសព្វាវុធចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដើម្បីដាក់សម្ពាធលើកងទ័ពជួរមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២០ ខែកក្កដា។
មេទ័ពអាល្លឺម៉ង់រ៉ាប់រងកិច្ចការជំនួយយោធាដល់អ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា យុទ្ធសាស្រ្តនេះ ក៏អាចជះឥទ្ធិពលដោយប្រយោលលើសក្តានុពលវាយលុករបស់កងកម្លាំងរុស្ស៊ីផងដែរ។ លោកថា សង្រ្គាមអាកាសរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារយន្តហោះ និងមូលដ្ឋានទ័ពអាកាស មុនពេលពួកវាត្រូវបានប្រើប្រាស់ គឺជាវិធីសាស្រ្តដ៏ល្អ។ លើសពីនេះ អ៊ុយក្រែនក៏ត្រូវតែកំណត់គោលដៅវាយលុករោងចក្រផលិតអាវុធរុស្ស៊ីផងដែរ។
លោក Freuding មានវ័យ៥៣ឆ្នាំរូបនេះបានទទួលស្គាល់ថា ទោះបីជាមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ រុស្ស៊ីនៅតែអាចបង្កើនការផលិតយន្តហោះដ្រូន មីស៊ីលបញ្ជាទិស និងប្រព័ន្ធមីស៊ីលបាលីស្ទិកយ៉ាងលឿន។ ដូចនេះ យើងត្រូវតែពិចារណាជាថ្មី ថាតើវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្រប់គ្រាន់ហើយឬនៅ ដើម្បីដាក់សម្ពាធបន្ថែមទៀត ជាពិសេសដាក់កំហិតលើសមត្ថភាពផលិតរបស់រុស្ស៊ី។
មេទ័ពអាល្លឺម៉ង់រូបនេះ បានបង្ហើបឱ្យដឹងទៀតថា រុស្ស៊ីមានគោលបំណងបង្កើនសមត្ថភាព ដើម្បីអាចបញ្ជាយន្តហោះដ្រូនដល់ទៅ ២.០០០គ្រឿង ទៅវាយលុកអ៊ុយក្រែនឱ្យបានក្នុងពេលដំណាលគ្នា នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Kyiv Independent។
ការអះអាងបែបនេះរបស់លោក Freuding កើតឡើងចំពេលដែលរុស្ស៊ីបន្តបង្កើនការវាយប្រហារដោយយន្តហោះដ្រូនប្រភេទ Shahed ដែលរចនាដោយអ៊ីរ៉ង់ ទៅលើទីក្រុងនានារបស់អ៊ុយក្រែនក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការវាយប្រហារលើតំបន់ឆ្ងាយដាច់ស្រយាលរបស់អ៊ុយក្រែន។
តួយ៉ាង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កងកម្លាំងរុស្ស៊ីបានបាញ់បញ្ជាដ្រូន Shahed ជិត ២.០០០គ្រឿងវាយលុកអ៊ុយក្រែន នេះបើយោងតាម Airwars ដែលជាអង្គការឃ្លាំមើលជម្លោះមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ តួលេខនេះបានកើនឡើងនៅឆ្នាំ២០២៥នេះ ដោយនៅក្នុងខែមិថុនាតែមួយប៉ុណ្ណោះ រុស្ស៊ីបានបង្កើតកំណត់ត្រាបញ្ជាដ្រូន Shahed ចំនួន ៥.៣៣៧គ្រឿងវាយប្រហារអ៊ុយក្រែន។
សេវាចារកម្មសម្ងាត់បរទេសរបស់អ៊ុយក្រែន (SZRU) បានប្រាប់សារព័ត៌មាន Politico កាលពីខែមិថុនាថា វិមានក្រឹមឡាំងគ្រោងនឹងផលិតយន្តហោះដ្រូនចំនួន ២លានគ្រឿង ព្រមទាំងយន្តហោះដ្រូនបើករយៈចម្ងាយឆ្ងាយ និងបោកបញ្ឆោតចំនួន ៣០.០០០គ្រឿងនៅឆ្នាំ២០២៥នេះ ដែលនេះសបញ្ជាក់ពីការពង្រីកដ៏សំខាន់នៃកម្មវិធីសង្គ្រាមយន្តហោះដ្រូនរបស់រុស្ស៊ី៕
ប្រភព ៖ RT និង Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា