រដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បន្ទាប់ពីចុះពិនិត្យចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ សហគមន៍ខាងលើផ្ទាល់គ្រោងនឹងចាប់ផ្តើមរដូវដាំដុះថ្មីលើផ្ទៃដី ៥០០០ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍ជាបន្តបន្ទាប់។
ជាមួយនឹងការគាំទ្រទុនផលិតកម្ម បច្ចេកទេស និងទីផ្សាររួចជាស្រេចតាមរយៈយន្តការសហគមន៍កសិកម្មទំនើប ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យសហគមន៍សហការជាមួយក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពស្នើសុំគ្រប់គ្រងស្ថានីយបូមទឹករដ្ឋ សំដៅមានទឹកស្រោចស្រពគ្រប់គ្រាន់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងជំរុញឱ្យមានការសិក្សាលើការថែទាំ និងជួលជុលឱ្យប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្តស្មារតីសាមគ្គីភាព តម្លាភាព និងតម្កល់ផលប្រយោជន៍រួមជាធំ ហើយក្រសួងនៅតែបន្តគាំទ្រឱ្យធំធាត់ និងមាននិរន្តរភាព៕
ប្រភព ៖ ក្រសួងកសិកម្ម






