គណៈកម្មការទី១០ ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តស្ទឹងត្រែង
(ខេត្តស្ទឹងត្រែង)៖ ក្នុងចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងវឌ្ឍនភាពការងារ និងបញ្ហាប្រឈម នានារបស់រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា គោលបំណងសំខាន់របស់គណៈប្រតិភូគណៈ-កម្មការទី១០ ព្រឹទ្ធសភាពនាពេលនេះ គឺដើម្បីមកជួបសំណេះសំណាលសួរសុខទុកដល់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខេត្តស្ទឹងត្រែង ។
ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលនានារបស់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា តាមរយៈការអនុវត្តការងារជាអាទិភាពចម្បងចំនួនពីរគឺ៖ ទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការជួប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ព្រមជាមួយការអនុវត្តមុខងារស្នូលទាំងបី គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ។
ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ មានការរីកចម្រើនលើគ្រប់វិស័យ ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដោយយើងត្រូវរួមគ្នាបង្កើតមជ្ឈដ្ឋានមួយដែលធ្វើឱ្យមនុស្សមិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ ។
ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល អបរំ និងជាពិសេសវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ឯកឧត្តមអភិបាលខេត្តបានបន្តគូសបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងមុខងារទាំងឡាយរបស់ខ្លួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន ។
ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្តស្ទឹងត្រែង បានសហការ និងចូលរួមចំណែកផ្សព្វផ្សាយនូវខ្លឹមសារច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លើកទឹកចិត្តឱ្យគ្រប់មន្ទីរ អង្គភាព ដាក់តាំងនូវបដាពាក្យស្លោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ បានធ្វើការអប់រំ ផ្សព្វផ្សាយខ្លឹមសារនៃច្បាប់ប្រឆាំងអំពើពុករលួយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ បានរៀបចំឱ្យមានប្រអប់សំបុត្រដើម្បីទទួលសំណូមពរ កង្វល់ និងបណ្ដឹងនានាពីសាធារណជន នៅតាមទីសាធារណៈ និងតាមទីតាំងខាងមុខមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលើកទឹកចិត្ត និងជំរុញមន្ត្រីដែលជាប់កាតព្វកិច្ចធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមការកំណត់នៃច្បាប់ ដោយមានជនបង្គោលប្រឆាំងអំពើពុករលួយ និងមន្ត្រីជំនាញថ្នាក់ខេត្តជាអ្នកសម្របសម្រួល ៕






ដោយ / គ្រី សម្បត្តិ