សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាង ព្រែកជីកហ្វូណនតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងលោកជំទាវបណ្ឌិត ខណៈកម្រោងនេះ គឺជាការផ្ដយចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ។
ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ គ្រោងចំណាយថវិកា ១.៧០០លានដុល្លារអាមេរិក ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ សន្ទះផ្លូវនាវាចរណ៍ មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ ។ ការកសាងព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ខណៈកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់កំពង់ផែវៀតណាម ។
ជាមួយគ្នានោះ នៅពេលសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងមួយនេះ មានការចូលរួមដាក់ទុនពីក្រុមហ៊ុនខ្មែរជាង ៥០% មិនមែនក្រុមហ៊ុនចិនតែមួយនោះឡើយ ហើយក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត តំបន់ព្រែកជីកនេះ នឹងក្លាយជាតំបន់មានសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើង ។
សម្ដេចនាយករដ្ឋមន្រ្តី ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រុមហ៊ុនខ្មែរ ដែលបានដាក់ការវិនិយោគក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមាន៖ ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ។
គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងបង្កើតឱ្យមានតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើន ផ្នែកអចលនទ្រព្យ។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋ នឹងទាញបានប្រយោជន៍ ពីការធ្វើទេសចរណ៍ផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ







