សមាគមវិនិយោគចិនមីនបើកសម្ពោធនៅកម្ពុជាជាផ្លូវការ

ភ្នំពេញ : ពិធីសម្ពោធជាផ្លូវការនិងតែងតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី១នៃសមាគមវិនិយោគិនចិនមីននៅកម្ពុជាបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៥នេះនៅភោជនីយដ្ឋានឡោទីហ្វាង រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់កម្ពុជា មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការ “សមាគមវិនិយោគិនចិនមីននៅកម្ពុជា” នឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតបងប្អូនមហាមិត្តចិន ដែលបានអញ្ជើញមកពីប្រទេសចិន ក៏ដូចជាមកពីខេត្តហ្វូជៀនទាំងអស់។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធជាផ្លូវការ និងតែងតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី១ នៃសមាគមវិនិយោគិនចិនមីននៅកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅភោជនីយដ្ឋានឡោទីហ្វាង រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតបន្តថា ការបង្កើតសមាគមវិនិយោគិនចិនមីននៅកម្ពុជា មិនត្រឹមតែជានិមិត្តរូបនៃការកើនឡើងនូវសហគ្រាសចិននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ការឆ្លុះបញ្ចាំងដោយផ្ទាល់ពីការប្តេជ្ញាចិត្ត និងទស្សនវិស័យរួម ក្នុងជំហានថ្មីនៃការរួមចំណែកយ៉ាងសកម្មពីសំណាក់វិនិយោគិនចិន ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច និងការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិតបន្ថែមថា វត្តមានសមាគមវិនិយោគិនចិនមីននាពេលនេះ ក៏បានបង្ហាញថា កម្ពុជាជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ និងបើកទូលាយសម្រាប់វិនិយោគិនអន្តរជាតិ ដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចយូរអង្វែង។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពដល់វិស័យវិនិយោគ ដោយបានបង្កើតច្បាប់គោលនយោបាយជាច្រើន និងកំណែទម្រង់នានា ក្នុងគោលបំណងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្កើតបរិយាកាសបើកចំហ តម្លាភាព និងងាយស្រួលសម្រាប់វិនិយោគិន។ ច្បាប់វិនិយោគរបស់យើង តំបន់សេដ្ឋកិច្ចពិសេស និងការចូលរួមក្នុងក្របខណ្ឌពាណិជ្ជកម្មក្នុងតំបន់ ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ផ្តល់ការលើកទឹកចិត្ត និងឱកាសគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនចិននៅទូទាំងវិស័យផ្សេងៗ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តីជឿជាក់ថា សមាគមនឹងក្លាយជាស្ពានយ៉ាងសំខាន់ ដើម្បីជម្រុញការផ្លាស់ប្តូរបទពិសោធន៍ ឱកាស ពង្រឹងទំនាក់ទំនងអាជីវកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួម ជាពិសេសជួយបញ្ជូនសារគោលនយោបាយ និងឱកាសវិនិយោគនៅកម្ពុជា។ សមាគមនឹងនាំឱ្យការសន្យារវាងកម្ពុជា និងមហាមិត្តចិន បន្តដំណើរការទៅមុខយ៉ាងរឹងមាំ និងនាំមុខគេក្នុងការកសាងសហគមន៍រួមដែលមានអនាគតរួម ដែលជាគន្លងដ៏ច្បាស់លាស់សម្រាប់ភាពចងចាំនៃមិត្តភាពកម្ពុជា–ចិនក្នុងសតវត្សទី២១ នេះ។ ក្នុងបរិបទេនេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមលើកទឹកចិត្តឱ្យសមាគមវិនិយោគចិនមីននៅកម្ពុជា ដែលមានប្រភពជិតស្និទ្ធជាមួយនឹងខេត្តហ្វូជៀន ធ្វើជាស្ពានតភ្ជាប់ក្នុងការទាក់ទាញ និងចូលរួមលើកកម្ពស់ការវិនិយោគឯកជនរួមគ្នាពីប្រទេសចិន ដើម្បីជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោក លីម សាង យ៉ុង(lin shang rong) ប្រធានសមាគមវិនិយោគិនចិនមីននៅកម្ពុជា បានថ្លែងថា ការបង្កើតសមាគមវិនិយោគិនចិនមីននៅកម្ពុជាមានគោលបំណងធ្វើឱ្យកម្លាំងវិនិយោគិនមីននៅតាមតំបន់ផ្សេងៗមានឯកភាព និងធ្វើឱ្យ “បងប្អូនដែលរស់នៅឆ្ងាយស្រុកមានចិត្តដូចគ្នា ក៏ដូចជាធ្វើឱ្យដំណើរជីវិតដ៏លំបាកមានមិត្តរួមផ្លូវគ្នា។

លោកបានបន្តថា សមាគមនេះក៏ជាការបង្កើតវេទិកាផ្លាសប្តូរចំណេះដឹងសម្រាប់វិនិយោគិនចិនមីន(វិនិយោគិនចិនដែលមកពីខេត្តហ្វូជៀន) ក្នុងសមាគមនឹងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងធនធាន ដើម្បីធ្វើឱ្យវិនិយោគិន មានអារម្មណ៍ថា “យើងជាគ្រួសារតែមួយ”។

លោកបន្តថា សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចិន ក្រុមអាជីវកម្ម និងសង្គម ដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍នៅកម្ពុជាទៅកាន់វិនិយោគិនចិនដែលមកពីខេត្តហុកកៀន និងបង្ហាញពីភាពស្មោះត្រង់ និងទទួលខុសត្រូវរបស់វិនិយោគិន ដើម្បីធ្វើជាស្ពានទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

សមាគមនឹងផ្តោតលើតម្រូវការជាក់ស្តែងរបស់វិនិយោគិនចិននៅកម្ពុជា ដូចជា ការវិនិយោគ ការប្រកបអាជីវកម្ម និងការពង្រីកអាជីវកម្ម ដោយផ្តល់សេវាដូចជា ការបកប្រែគោលនយោបាយ ការប្រឹក្សាផ្នែកច្បាប់ និងការភ្ជាប់ទំនាក់ទំនងគម្រោង និងធនធាន។ លើសពីនេះ សមាគមនឹងរៀបចំសកម្មភាពផ្សេងៗ ដូចជា ពិធីប្រជុំវប្បធម៌ និងការទស្សនកិច្ច ដើម្បីធ្វើឱ្យសមាជិកមានអារម្មណ៍ថា “ជួបមិត្តភក្តិចាស់នៅស្រុកគេ” ហើយបង្កើតជាផ្ទះដែលអាចទុកចិត្តបានសម្រាប់វិនិយោគិនចិននៅកម្ពុជា។

លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានចង្អុលបង្ហាញថា បរិមាណពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីសក្តានុពលដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner