វិនិយោគិនកាតា ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ព្រោះមើលឃើញពីកត្តាសុខសន្ដិភាព សុវត្ថិភាព និងសន្ដិសុខល្អ
(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក Fahd Al-Dosaro ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH ដែលជាវិនិយោគិនមកពីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដោយសារមើលឃើញពីកត្តាសុខសន្ដិភាព សុវត្ថិភាព និងសន្ដិសុខល្អ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះគណៈប្រតិភូក្រុមហ៊ុនវិនិយោគនៃប្រទេសកាតា AI Mansour Holding (AMH) និងក្រុមហ៊ុន LCH Investment Group Co., Ltd. ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោ ក៏បានអរគុណដែលក្រុមហ៊ុនបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ បានរម្លឹកថា កន្លងទៅសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាតា ក៏ធ្លាប់បានអំពាវនាវដល់អ្នកវិនិយោគនៅប្រទេសកាតាអញ្ជើញមកចាប់យកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន AMH បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងស្ដាប់នូវមតិយោបល់របស់សម្ដេចតេជោបន្ថែមទៀត ដើម្បីស្វែងរកឱកាវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា មានសក្ដានុពលវិនិយោគជាច្រើន ដែលក្រុមហ៊ុនបរស់លោក ក៏ដូចជាវិនិយោគិនរបស់ប្រទេសកាតាអាចមកធ្វើការវិនិយោគ ក្នុងនោះមានទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានរំលេចថា វិស័យកសិកម្មផ្ដោតសំខាន់ដែលកម្ពុជាចង់បាននោះគឺការកែច្នៃនៅផលិតផលកសិកម្មកម្ពុជាដើម្បីនាំចេញបន្តទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក។
ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន ក៏បានអរគុណដល់សម្ដេចតេជោដែលបានបញ្ជាក់ពីសក្ដានុពលវិនិយោគសំខាន់ៗនៅក្នុងប្រទេសកម្ពុជា, លោកបញ្ជាក់ថា ក្រុមហ៊ុនលោកក៏ចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជាផងដែរ។
លោកប្រធានក្រុមហ៊ុនបញ្ជាក់ថា លោកចាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានសុវត្ថិភាព សន្ដិសុខល្អ និងមានសន្ដិភាពដែលជាកត្តាអំណោយផលដល់ការវិនិយោគពីបរទេស ដូច្នេះលោកបានជ្រើសរើសយកប្រទេសកម្ពុជាក្នុងការវិនិយោគដំបូងគេសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕







អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ