ក្រុមហ៊ុន មីនេបៀ នឹងដំណើការរោងចក្រថ្មី នៅខេត្តពោធិ៍សាត់ នៅចុងឆ្នាំនេះ ក្រោយវិនិយោគនៅកម្ពុជា ១៤ឆ្នាំ បានរីកចម្រើនជាបន្តបន្ទាប់

(ភ្នំពេញ)៖ ក្រោយវិនិយោគនៅកម្ពុជា រយៈពេល ១៤ឆ្នាំមកនេះ ក្រុមហ៊ុន មីនេបៀ បានរីកចម្រើនជាបន្តបន្ទាប់ ហើយនៅចុង ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុន នឹងដំណលការរោងចក្រថ្មីនៅខេត្តពោធិ៍សាត់ ដែលនឹងផ្ដល់ឱកាសការងារបន្ថែមទៀតដល់ពលរដ្ឋនៅទីនោះ ។

លោក យូស៊ីហ៊ីម៉ា កៃនុម៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀមីត្សូមី របស់ប្រទេសជប៉ុន លើកឡើងដូច្នេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ និងស្ថាគមន៍ចំពោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ ជាថ្មីម្ដងទៀតក្រោយពីខានជួបអស់រយៈពេល ១០ឆ្នាំ ហើយសម្ដេចតេជោ បានអរគុណដែលក្រុមហ៊ុន មីនេបៀ បានជ្រើសរើសយកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបន្តការរីកចម្រើនមកដល់សព្វថ្ងៃនេះ ។

លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ ។ ក្រុមហ៊ុន មីនេបៀ របស់លោកមានភាពរីកចម្រើនមកដល់ពេលនេះ គឺមិនអាចខ្វះបាននូវការជួយពីរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តមកបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកអាចដំណរការទៅមានការរីកចម្រើន និងកំពុងការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា រយៈពេល ១៤ឆ្នាំមកនេះ ក្រុមហ៊ុន មីនេបៀ វិនិយោគនៅកម្ពុជាបានរីកចម្រើនជាបន្តបន្ទាប់។ នៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងបើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ដែលនឹងផ្ដល់ឱកាសការងារជាច្រើនបន្ថែមទៀតដល់ពលរដ្ឋនៅទីនោះ។

សម្ដេចតេជោ បានបង្ហាញនូវក្ដីត្រេកអរពេលឮពីវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុន មីនេបៀ ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ក្រោយពេលមកវិនិយោគនៅកម្ពុជា, អ្វីដែលសម្ដេចតេជោពេញចិត្តខ្លាំងនោះគឺក្រុមហ៊ុននឹងបន្តបើករោងចក្របន្ថែមទៀតនៅខេត្តពោធិ៍សាត់ដោយបង្កើននូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតលើការវិនិយោគនេះ ។

ទន្ទឹមនឹងភាពរីកចម្រើនរបស់ ក្រុមហ៊ុន មីនេបៀ លោក កៃនូម៉ា បានលើកឡើងពីផលលំបាកមួយចំនួនផងដែរចំពោះស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ពីព្រោះ ក្រុមហ៊ុន មីនេបៀ ក៏មានរោងចក្រនៅប្រទេសថៃផងដែរ ដែលត្រូវធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក ។

ទាក់ទងនឹងបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃនេះ សម្ដេចតេជោ បានបញ្ជាក់ថា បញ្ហានេះ គឺបង្កឡើងដោយភាគីថៃ ដោយបានបាញ់ប្រហារមកលើទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យស្លាប់ម្នាក់, ការបិទព្រំដែនជាឯកតោភាគី និងការប្រមាថមកលើកម្ពុជា តាមរយៈការគំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត និងការបិទការនាំចូលឥន្ធនៈ និងឧស្ម័នជាដើម។

សម្ដេចតជោ បានបញ្ជាក់ថា បញ្ហាថៃបិទព្រំដែនជាឯកតោភាគីនេះ ភាគីថៃត្រូវបើកព្រំដែនឱ្យដូចដើមវិញ បន្ទាប់មកកម្ពុជាយ៉ាងយូររយៈពេល ៥ម៉ោងនឹងបើកព្រំដែនទាំងអស់ឱ្យដូចដើមវិញដែរ ដូច្នេះកូនសោរគឺនៅលើភាគីថៃ ព្រោះថៃជាអ្នកបិទជាឯកតោភាគី ក៏ត្រូវបើកឱ្យដូចដើមវិញជាឯកតោភាគីដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner