មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ ការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ជាឱកាសរៀបចំដឹកនាំនិងរីកចម្រើនប្រកបដោយបរិយាប្ន័ន
(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ក្នុងទិវា ICT Cambodia ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍មិនត្រឹមតែផ្តល់ជំនាញប៉ុណ្ណោះទេ វាបានបណ្តុះភាពក្លាហាន ផ្តល់សិទ្ធិអំណាចដល់សំឡេងដែលជារឿយៗមិនឮ ហើយជំរុញកិច្ចសហការដែលនឹងបន្លឺឡើងចេញពីបន្ទប់នេះ។
ថាមពល និងការប្តេជ្ញាចិត្តពីសិស្សានុសិស្ស អ្នកអប់រំ និងដៃគូ គឺជាសញ្ញាមួយដ៏ធំជាងនេះទៅទៀត អនាគតដែលយុវជនកម្ពុជាគ្រប់រូបមានឱកាសក្នុងការរៀបចំ ដឹកនាំ និងរីកចម្រើនក្នុងយុគសម័យឌីជីថលប្រកបរិយាប្ន័ន ។
ក្នុងឱកាសថ្លែងការណ៍ ឯកឧត្តម ថុង គន្ធយុឡេង ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាបិទសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ក្នុងទិវា ICT Cambodia ឆ្នាំ២០២៥ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះគូសបញ្ជាក់បន្ថែមថា សិក្ខាសាលាស្តីពីការពង្រឹងប្រព័ន្ធឌីជីថលរបស់យុវជន និងក្មេងស្រីក្នុងទិវា ICT Cambodia ឆ្នាំ២០២៥» យើងសូមរម្លឹកថា ការបំប្លែងឌីជីថល មិនមែនគ្រាន់តែនិយាយអំពីបច្ចេកវិទ្យានោះទេ តែគឺនិយាយអំពីមនុស្ស និងអំពីគំនិតយុវជនក្នុងការដោះសោទ្វារថ្មី ជាពិសេសក្មេងស្រី និងយុវនារីដែលហ៊ានស្រមៃខ្លួនឯង មិនត្រឹមតែអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែ គឺជាអ្នកបង្កើត អ្នកដឹកនាំ និងអ្នកច្នៃប្រឌិតនៅក្នុងពិភពឌីជីថល ។
ជាមួយគ្នានេះដែរ ឯកឧត្តម ថុង គន្ធយុឡេង បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាមួយនឹងចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងអារម្មណ៍ថ្មីនៃគោលបំណង ដើម្បីបន្តជម្នះឧបសគ្គ តភ្ជាប់ការខ្វែងគំនិតគ្នា និងការកសាងប្រព័ន្ធអេកូឡូស៊ី ICT ដែលជាកម្មសិទ្ធិរបស់មនុស្សគ្រប់រូប ។
ឯកឧត្តម ថុង គន្ធយុឡេង គូសបញ្ជាក់បន្ថែមថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងរួមគ្នា មិនមែនគ្រាន់តែជាសាក្សីនៃការផ្លាស់ប្តូរនោះទេ យើងកំពុងធ្វើឱ្យវាកើតឡើង»។
ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្តម សូមថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការអភិវឌ្ឍន៍ការផ្សាយ (AIBD) សម្រាប់ការគាំទ្រនិងភាពជាដៃគូដ៏មានតម្លៃរបស់ពួកគេ ក្នុងការនាំយកព្រឹត្តិការណ៍ មុនកិច្ចប្រជុំកំពូលដ៏សំខាន់នេះមក។ ការសហការរបស់អ្នកមានសារសំខាន់ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះទទួលបានជោគជ័យ។
សូមជម្រាបថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕







ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា