ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

កំពង់ធំ ៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មី​របស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យ​កាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា ។


ពិធីសម្ពោធនាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ​​​​​​ មន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

មានទីតាំងស្ថិតនៅចំកណ្តាលក្រុងកំពង់ធំ ទល់មុខវិមានឯករាជ្យ សាខាថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបដែលរួមមាន៖ សេវាកម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូទាត់វិក្កយបត្រផ្សេងៗ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដែលអាចឆ្លើយតបទៅនឹងតម្រូវការសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម និងអតិថិជនទូទៅ ។


បំពាក់ជាមួយម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់​ ដែលអតិ​ថិជនអាចចូលទៅប្រើប្រាស់ ២៤ ម៉ោងពេញមួយសប្តាហ៍ រួមជាមួយបន្ទប់ប្រជុំធំប្រកបដោយផាសុកភាព និងចំណតរថយន្តធំទូលាយ ការិយាល័យ​ថ្មីនេះត្រូវ​បានរចនាឡើងយ៉ាងចិត្តទុកដាក់ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជនទាំងអស់ ។


បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានគូសបញ្ជាក់ពីសារសំខាន់នៃវត្តមានសាខាថ្មីនេះថា៖ “ក្នុងនាមជាធនាគារខ្មែរសុទ្ធសាធ ការពង្រីកសាខាថ្មីរបស់យើងនីមួយៗគឺប្រៀបបានទៅនឹងស្ពានចម្លងទៅរកកាលានុវត្តភាពមួយ​ដែលផ្សាភ្ជាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសហគមន៍ឆ្ពោះទៅកាន់អនាគតមួយដ៏ត្រចះត្រចង់។ ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តកំពង់ធំ យើងពិតជារំភើបដែល​បាន​រួមចំណែកដល់ការ​រីក​ចម្រើន​របស់​ខេត្តនេះ។”


ខេត្តកំពង់ធំ ដែលមានប្រជាជនជិតមួយលាននាក់ ហើយក៏មានអំណោយផលខ្ពស់លើវិស័យកសិកម្មដោយ​បានរួមចំណែកប្រមាណ ៤% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍបន្ថែមទៀត ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលប្រទេស និងមានប្រព័ន្ធដឹកជញ្ជូនដ៏រឹងមាំ។
វត្តមានសាខាថ្មីនេះ នឹងបំពេញបន្ថែមទៅលើបណ្តាញដែលមានស្រាប់របស់ធនាគារ វីង ដែលរួមមាន៖ ភ្នាក់ងារធនាគារ​ វីង ចំនួន ៤៦៦ ទីតាំង និងភ្នាក់ងារវីង ម៉ាស្ទ័រចំនួន ១១ កន្លែងនៅទូទាំងខេត្តកំពង់ធំដើម្បីធានាបានថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទោះបីស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។


ដើម្បីអបអរសាទរដល់​ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវ​អត្រា​ការ​ប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកំពង់ធំដែល​បើកគណនីបញ្ញើមានកាលកំណត់រយៈពេលចាប់ពី ១២ខែឡើងទៅ។ ការផ្តល់នូវ​អត្រា​ការ​ប្រាក់​ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ តែប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាពង្រឹងភាពធន់ហិរញ្ញវត្ថុសម្រាប់ប្រជាជនខេត្តកំពង់ធំផ្ទាល់តែម្តង។


រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយបច្ចុប្បន្នធនាគារ​ វីង កំពុងបម្រើអតិថិជនជាង ៩,៥ លានគណនី គ្រប់គ្រងប្រាក់បញ្ញើអតិថិជនជិត ៣ ពាន់លានដុល្លារអាមេរិក ព្រមទាំងមាន​សេវាធនាគារ និង​​ហិរញ្ញវត្ថុជាង ១០០ ប្រភេទនៅលើអេប ធនាគារ វីង។ ហើយជាមួយនឹងការមកដល់នៃ ធនាគារ វីង សាខាខេត្តកំពង់ធំ នឹងដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតសំដៅជំរុញកំណើនសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងខេត្តនេះកាន់តែប្រសើរ ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner