កម្ពុជាស្នើឱ្យមានការចាប់ផ្តើមការពិភាក្សាលើធម្មនុញ្ញក្នុងតំបន់រួមគ្នាមួយសម្រាប់ក្រមសីលធម៌ AI
(សៀមរាប)៖ កម្ពុជាស្នើឱ្យមានការចាប់ផ្តើមការពិភាក្សាលើធម្មនុញ្ញក្នុងតំបន់រួមគ្នាមួយ សម្រាប់ក្រមសីលធម៌លើបញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យសារព័ត៌មាន ដែលគាំទ្រដល់តម្លាភាព យុត្តិធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។
សំណើរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអង្គរ ខេត្តសៀមរាប។
ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការជឿជាក់លើវិធីសាស្រ្តដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សចំពោះការឆ្លើយតបទៅនឹង AI ដែលជាការការពារការងារ ពង្រីកការពិត និងលើកកម្ពស់គណនេយ្យភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា «AI មានសក្តានុពលក្នុងការធ្វើបដិវត្តន៍ពីរបៀបដែលយើងបង្កើត ចែកចាយ និងប្រើប្រាស់មាតិកា។ វានាំមកនូវប្រសិទ្ធភាព និងភាពច្នៃប្រឌិតដ៏ធំសម្បើម។ ប៉ុន្តែវាក៏ណែនាំការគំរាមកំហែងថ្មីៗផងដែរ ដូចជា ឧបាយកលក្លែងក្លាយ ភាពលំអៀងនៃទិន្នន័យ និងព័ត៌មានមិនពិតដោយស្វ័យប្រវត្តិ»។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០នេះ ក៏មានកិច្ចពិភាក្សាលើសារៈសំខាន់ និងបញ្ហាប្រឈមសម្រាប់ AI នៅក្នុងវិស័យសារព័ត៌មានផងដែរ(AI in Media: Opportunities and Challenges) និងGenerative Al (GAI) ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងនៅពេលរួមបញ្ចូលឧបករណ៍ AI/GAI ទៅក្នុងការអនុវត្តការផ្សាយ និងសារព័ត៌មាន។ កិច្ចពិភាក្សាបានវិភាគផលប៉ះពាល់សក្តានុពល (ទាំងវិជ្ជមាន និងអវិជ្ជមាន) នៃ AI/GAI លើការផលិតព័ត៌មាន ការចូលរួមរបស់ទស្សនិកជន និងការបង្កើតមាតិកា។
ជាមួយគ្នានេះ ក៏មានសិក្ខាសាលាស្តីពីការផ្លាស់ប្តូរការបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយ តាមរយៈឧបករណ៍ និងបច្ចេកវិទ្យា ដែលដំណើរការដោយ Al (Transforming Media Content Creation through Al-powered Tools & Technologies) ក្នុងគោលបំណងយល់ពីផលប៉ះពាល់នៃ AI លើឧស្សាហកម្មផ្សាយ, ដើម្បីណែនាំឧបករណ៍ និងបច្ចេកវិទ្យាបង្កើតមាតិកាដែលដំណើរការដោយ AI ផ្សេងៗ, ដើម្បីបង្ហាញពីការអនុវត្តជាក់ស្ដែងនៃ AI នៅក្នុងដំណើរការការងារមុនផលិតកម្ម ការផលិត និងក្រោយការផលិត, ដើម្បីដោះស្រាយការពិចារណាប្រកបដោយក្រមសីលធម៌ និងបញ្ហាប្រឈមដែលអាចកើតមានទាក់ទងនឹង Al ក្នុង ការបង្កើតខ្លឹមសារ ៕







ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា