អ៊ីស្រាអែលបាញ់សម្លាប់ប៉ាឡេស្ទីន ៦៧នាក់ អំឡុងឈរចាំឡានជំនួយរបស់ UN

បរទេស៖ អ៊ីស្រាអែលបានបាញ់រះ សម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៦៧នាក់ អំឡុងពេលកំពុងឈរ រង់ចាំក្បួនឡានដឹកជំនួយ ពីកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃទី២០ ខែកក្កដា។

យោងតាមទីភ្នាក់ងារព័ត៌មាន BBC ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធហាម៉ាស់ បានអះអាងថា ហេតុការណ៍នេះ បានកើតឡើង នៅភាគខាងជើង នៃតំបន់ហ្គាហ្សា។ កម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ WFP
បានអះអាងថា ក្បួនរថយន្ត ចំនួន២៥គ្រឿង ពេលកំពុងដឹកជំនួយ ទៅប្រគល់ជូនដល់អ្នកដែលស្រេកឃ្លាន ក៏ត្រូវបានបាញ់ប្រហារ ភ្លាមៗបន្ទាប់ពីបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់យោធាអ៊ីស្រាអែល។

ប៉ុន្តែ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ IDF បាននិយាយថា ខ្លួនគ្រាន់តែបានបាញ់ព្រមានតែប៉ុណ្ណោះ ហើយ បានបដិសេធ ចំពោះរបាយការណ៍ អំពីចំនួនអ្នកស្លាប់។

យ៉ាងណាមិញ WFP បានថ្កោលទោសអំពើហឹង្សាលើជនស៊ីវិល ដែលស្វែងរកជំនួយថា មិនអាចទទួលយកបាន ជាដាច់ខាត។ ប្រភពបានអះអាងថា «កង្វះអាហារូបត្ថម្ភ កំពុងកើនឡើង លើស្ត្រី និងកុមារចំនួន ៩ម៉ឺន នាក់ ដែលត្រូវការការព្យាបាល ជាបន្ទាន់»។ ប្រភពបញ្ជាក់ទៀតថា បាននិយាយថា «មនុស្សជិតម្នាក់ ក្នុងចំណោមបីនាក់ មិនបានញ៉ាំ អស់ជាច្រើនថ្ងៃ»។

បើតាម ក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងដែរថា មានរបាយការណ៍ ស្ទើររាល់ថ្ងៃ នៃ ជនជាតិប៉ាឡេស្ទីនដែលត្រូវបានគេសម្លាប់ ពេលកំពុងស្វែងរកអាហារ ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥ មក។ យ៉ាងណាមិញ កន្លងមក អ៊ីស្រាអែល តែងតែអះអាងថា ការវាយប្រហារ នៅទីតាំងចែកចាយជំនួយ គឺដើម្បីទប់ស្កាត់ការក្លែងបន្លំពីសំណាក់ ពួកហាម៉ាស់។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្គាហ្សា ជាការសងសឹកចំពោះការវាយប្រហារ ដែលដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់មនុស្ស ២៥១ នាក់ផ្សេងទៀត ធ្វើជាចំណាប់ខ្មាំង។

ចាប់តាំងពីពេលនោះមក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ជិត៦ម៉ឺននាក់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ តួរលេខនេះ ត្រូវបានដកស្រង់ ដោយអង្គការសហប្រជាជាតិ និងស្ថាប័នផ្សេងទៀតថា ជាប្រភពស្ថិតិ គួរឱ្យទុកចិត្តបំផុត៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner