បុរសជើងខ្លាំងម្នាក់ ដុតកង់ឡានឆាបឆេះសន្ធោសន្ធៅ ពេលគេចុះទៅឃាត់បែរជាស្រែកគំរាមដុតផ្ទះគេថែមទៀត
ភ្នំពេញ ៖ បុរសម្នាក់បានប្រមូលកង់ឡានជាច្រើនមកគរដុតចោលនៅក្រោមខ្សែភ្លើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងចុះមកឃាត់បែរជាគំរាមដុតផ្ទះអ្នកឃាត់ចោលទៀត បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ១នឹង២០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពញ ។
ប្រជាពលរដ្ឋដែលរងនៅការគំរាមដុតផ្ទះពីសំណាក់បុរសខាងលើបានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មាននឹងសមត្ថកិច្ចថា ដំបូងឡើយ គាត់បានឃើញបុរសម្នាក់បានប្រមូលកង់ឡានជាច្រើនកង់ មកគរនៅចំណុចក្បែរប្រឡាយទឹក នៅក្រោមខ្សែភ្លើងនឹងខ្សែកាប ហើយមួយសន្ទុះក៏ដុតបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យរូបគាត់ភ័យខ្លាចឆាបឆេះដល់ខ្សែភ្លើងហើយរាលដាលដល់ផ្ទះគាត់ផងនោះ ទើបដើរទៅប្រាប់ឲ្យអ្នកដុតជួយពន្លតវិញ ប៉ុន្តែស្របពេលនោះត្រូវបុរសអ្នកដុត បានស្រែកគំហកដាក់ទាស់សម្តីគ្នាមួយប្រាវ រហូតឈានដល់ការប្រើសម្តីគំរាមដុតផ្ទះចោលទៀតផង។ បន្ទាប់ពីមានហេតុការណ៍នេះរូបគាត់ដែលរង់ការគំរាមគំហែង ក៏បានប្តឹងដល់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះមកដល់ហៅបុរសដែលដុតកង់ឡានខាងលើយកទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរជុំវិញករណីនេះ ។ បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចបានសម្រេចធ្វើកិច្ចសន្យាបញ្ចប់ទំនាស់រវាងភាគីទាំងពីរ ដោយមិនឲ្យមានគំនុំគុំគួនគ្នាទៅថ្ងៃមុខទៀត ៕ធ.ដ