ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យរៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យ ឯកឧត្ដមស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយបង្ក្រាបឱ្យទទួលបានជោគជ័យទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ នៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បន្តថា ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញជាបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដូច្នេះមន្ត្រីនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតដើម្បីឱ្យការងារនេះទទួលបានជោគជ័យ បើទោះបីយើងអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។ ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ខ្លួនយើងស្អាតស្អំ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងបង្ក្រាបលុបបំបាត់ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនទើបគ្រប់គ្រាន់។ សូមពិនិត្យទីតាំងស្នាក់នៅរួមរបស់ជនបរទេសឱ្យបានម៉ត់ចត់និងម៉ឹងម៉ាត់ បើពួកគាត់ស្របច្បាប់ សុំកុំរំខានពួកគាត់ សូមធ្វើអ្វី ដោយភាពត្រឹមត្រូវ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ចាប់ពីថ្ងៃទី០២ កក្កដា ២០២៥រហូតមកដល់ថ្ងៃទី១៩ កក្កដាឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១៦ទីតាំងនិងឃាត់មនុស្សបាន ៧៣៤នាក់ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដាក្នុងចំនួននេះមានជនសង្ស័យមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ថា ក្នុងចំនួនទីតាំងដែលបង្ក្រាបបាននេះមានចំនួន២ទីតាំងដែលយើងបង្ក្រាបចំគោលដៅនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះតែម្តង ដោយយើងដកហូតបានវត្ដុតាងមួយចំនួនធំ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner