រូម៉ានីចាយ ២.៣ពាន់លានដុល្លារទិញប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល
ប៊ុយការ៉េស ៖ ស្របពេលដែលស្ថានភាពពិភពលោកកាន់តែឡើងកំដៅ រូម៉ានីបានជះលុយដល់ទៅ ២.៣៣ពាន់លានដុល្លារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rafael Advanced Defense Systems Ltd. របស់អ៊ីស្រាអែល ទិញប្រព័ន្ធការពារដែនអាកាស SHORAD-VSHORAD កម្រិតខ្ពស់។
បើតាមក្រសួងការពារជាតិរូម៉ានី, ការដែលរូម៉ានីសម្រេចចិត្តទិញប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល គឺស្ថិតក្នុងគោលបំណងទប់ទល់នឹងការគម្រាមកំហែងវាយប្រហារតាមអាកាសពីសំណាកសត្រូវ ក្នុងនោះមានដូចជាយន្តហោះគ្មានមនុស្សបើក និងមីស៊ីលបញ្ជាទិស ខណៈដែលប្រព័ន្ធ SHORAD-VSHORAD មានអនុភាពខ្ពស់ទាំងភាពចល័ត ប្រសិទ្ធភាពប្រតិបត្តិការ និងប្រព័ន្ធការពារដ៏ទំនើបដែលដំណើរការយ៉ាងរលូន។
កិច្ចព្រមព្រៀងដែលប្រកាសដោយក្រសួងការពារជាតិរូម៉ានី កាលពីថ្ងៃទី២១ ខែកក្កដា ត្រូវបានបញ្ចប់ជាផ្លូវការដោយក្រុមហ៊ុនលទ្ធកម្មការពារជាតិ Romtehnica SA របស់រូម៉ានី។ ក្នុងនោះរូម៉ានីនឹងបញ្ជាទិញប្រព័ន្ធការពារដែនអាកាសរយៈពេលខ្លីចំនួន៦គ្រឿង។ កិច្ចព្រមព្រៀងនេះក៏នឹងគ្របដណ្តប់លើមជ្ឈមណ្ឌលបណ្តុះបណ្តាល គ្រាប់រំសេវ និងជំនួយផ្នែកដឹកជញ្ជូនផងដែរ។
ផ្អែកតាមក្រសួងការពារជាតិរូម៉ានី, កិច្ចព្រមព្រៀងទិញលក់ប្រព័ន្ធការពារដែនអាកាសនេះមានរយៈពេល៧ឆ្នាំ ហើយក៏មានកិច្ចសន្យាបន្តបន្ទាប់ចំនួន៣ទៀតត្រូវបានគ្រោងទុក។ ប្រព័ន្ធការពារដែនអាកាស VSHORAD ចំនួនពីរគ្រឿងដំបូងរបស់អ៊ីស្រាអែល ត្រូវបានរំពឹងថា នឹងបញ្ជូនឱ្យរូម៉ានីក្នុងរយៈពេល ៣ឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាដំបូង៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា