កញ្ញា សារ៉ាន់ គីមឡាង ក្លាយជាបវរកញ្ញាឯកនៃ Miss Earth Cambodia ២០២៥ និងចូលរួម ប្រកួតនៅលើឆាក Miss Earth លំដាប់អន្តរជាតិថ្ងៃខាងមុខ

(ភ្នំពេញ)៖ ក្នុងការប្រកួតយ៉ាងស្វិតស្វាញជាមួយគូប្រជែងច្រើននាកន្លងមក ទីបំផុត កញ្ញា សារ៉ាន់ គីមឡាង បានក្លាយជាបវរកញ្ញាឯកនៃ Miss Earth Cambodia ២០២៥ ។ ហើយនៅថ្ងៃខាងមុខកញ្ញា ក៏នឹងក្លាយជាបវរកញ្ញា តំណាងឲ្យប្រទេសកម្ពុជាមួយរូប ដែលនឹងត្រូវបង្ហាញខ្លួននៅលើឆាកបវរកញ្ញាផែនដី (Miss Earth) អន្តរជាតិ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានជុំវិញបញ្ហានេះ លោកស្រី Tiffany Vu នាយិការគ្រប់គ្រងកម្មវិធី Miss Earth Cambodia 2025 ឱ្យដឹងថា«ខ្ញុំពិតជារំភើបដែលបានឈរនៅចំពោះមុខអ្នកនៅថ្ងៃនេះក្នុងនាមជានាយកថ្នាក់ជាតិនៃ Miss Earth Cambodia 2025។ ថ្ងៃនេះជាការចាប់ផ្តើមនៃការបំផុសគំនិតថ្មី ដែលប្រារព្ធវេទិកាដ៏មានឥទ្ធិពលសម្រាប់ស្ត្រីកម្ពុជាក្នុងការងើបឡើង ចែងចាំង និងដឹកនាំ»។

លោកស្រី បានបញ្ជាក់បន្ថែមថា បវរកញ្ញាផែនដី គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំចំនួន៤ ចាប់តាំងពីឆ្នាំ២០០១ ជាមួយនឹងកេរ្តិ៍ដំណែលដ៏មានមោទនភាពក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅទូទាំងពិភពលោក។

កញ្ញា សារ៉ាន់ គីមឡាង ម្ចាស់ជ័យលាភីបវរកញ្ញាឯក Miss Earth Cambodia 2025 បានប្រាប់ថា ជាមួយភាពស្រស់ស្អាត សំឡេងដ៏មានកម្លាំងសម្រាប់បរិស្ថាន គឺ កញ្ញាបានតាំងចិត្តខ្ពស់ដើម្បីទៅប្រកួតបន្តនៅលើឆាកអន្តរជាតិ ដោយម្ចាស់ជ័យលាភីរូបនេះ ក៏គ្រោងលើយកនូវប្រធានបទការការពារបរិស្ថាន និង ការទុកដាក់សំរាម ដើម្បីបញ្រ្ជាបការយល់ដឹងដល់យុវជន និងពលរដ្ឋបន្តថែរក្សាបរិស្ថានឱ្យបានស្អាតថែមទៀតផង។

ម្ចាស់ជ័យលាភីរូបនេះបានបង្ហាញចំណាប់អារម្មណ៍ ជាពិសេសចំពោះបញ្ហាបរិស្ថាននៅកម្ពុជា ដែលតែងតែបង្ហាញឱ្យឃើញតាមរយៈសំឡេង និងសកម្មភាពជាប្រចាំ ដើម្បីជួយជំរុញការផ្លាស់ប្តូរដល់សហគមន៍ និងសង្គម ជាពិសេសកញ្ញាបានត្រៀមខ្លួនជាស្រេចក្នុងការតំណាងនាំយកឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាក Miss Earth អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា កញ្ញា សារ៉ាន់ គីមឡាង បានក្លាយជាម្ចាស់មកុដ Miss Earth Cambodia 2025 ដែលតំណាងអោយប្រទេសកម្ពុជាចូលរួមការប្រកួតប្រជែងឆាកអន្តរជាតិ Miss Earth 2025 នៅឯប្រទេស ហ្វីលីពីន ខណៈបេក្ខភាពបវរកញ្ញា២រូបទៀត គឺ កញ្ញា អាសូរ៉ា មូនីកា និង មាន សុវណ្ណរចនា ត្រឹមទទួលបានជ័យលាភីបវរកញ្ញាឯករង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner