គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ មានចក្ខុវិស័យបង្កើតកម្លាំងពលកម្មជំនាញដែលមានភាពប្រកួតប្រជែង

(ភ្នំពេញ)៖ តួនាទីសំខាន់ នៃគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០២៦-២០៣៥ មានចក្ខុវិស័យបង្កើតកម្លាំងពលកម្មជំនាញដែលមានភាពប្រកួតប្រជែង តាមរយៈការសិក្សាពេញមួយជីវិត និងប្រព័ន្ធទីផ្សារការងារដ៏រឹងមាំ ការពង្រឹងស្ថាប័ន និងបទប្បញ្ញត្តិទីផ្សារការងារ ក៏ដូចជាការគាំទ្រ និងការពារពលករទេសន្តរប្រវេសន៍ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងឱកាសនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា តាមរយៈប្រព័ន្ធព័ត៌មានទីផ្សារការងារដ៏រឹងមាំ សមភាពយេនឌ័រ និងបរិយាបន្នសង្គម ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា ៖ «គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួចចំណែកជាមួយនឹងគោលនយោបាយជាតិផ្សេងៗទៀត រួមទាំងយុទ្ធសាស្រ្តបញ្ចកោណគ្រប់ដំណាក់កាល ដែលពាក់ព័ន្ធជាមួយគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ បានធ្វើឱ្យសេដ្ឋកិច្ច បានធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ និងពិភពការងារនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ ដែលបម្រើឱ្យផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក»។ 

លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារប្រចាំកម្ពុជា (ILO) បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតែងតែផ្ដល់កិច្ចសហការល្អជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥នេះឱ្យមានដំណើរការល្អ ។

លោកបន្តថា គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាក្របខ័ណ្ឌឆ្ពោះទៅមុខស្របតាមបរិបទសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា ដែលកំពុងរៀបចំខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគោលបំណងដើម្បីបន្ស៊ី និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីនយោបាយជាតិនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឯកសារអនុលោមភាពជាមួយស្តង់ដាអន្តរជាតិ ព្រមទាំងធានាសង្គតិភាព ភាពប្រទាក់ក្រឡាជាមួយក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ និងអនុវិស័យពាក់ព័ន្ធនានា ។

មិនតែប៉ុណ្ណោះ សិក្ខាសាលានេះក៏ធ្វើឡើងដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំឯកសារគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងពង្រឹងការចូលរួម និងការយល់ដឹងពីភាគីពាក់ព័ន្ធ លើឯកសារសេចក្តីព្រាងគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner