បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា នៅស្រុកអូររាំង ឃាត់ខ្លួនជនបរទេស ១៤៩នាក់
មណ្ឌលគិរី៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន កាលពីថ្ងៃទី២១ ខែកក្កដា បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសចម្រុះជាតិសាសន៍ចំនួន ១៤៩នាក់ (ស្រី ៣១នាក់) ដកហូតកុំព្យូទ័រ និងទូរស័ព្ទដៃ ១ ៣០០គ្រឿង ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្ហាញថា ជនសង្ស័យមានចំនួន ១៤៩នាក់ ដមាន ១៣សញ្ជាតិ រួមមាន៖ ចិន ១នាក់ ,ប៉ាគីស្ថាន ៣៦នាក់ ,ឥណ្ឌូនេស៊ី ២៧នាក់ ,បង់ក្លាដេស ១៦នាក់ ,វៀតណាម ៩នាក់ ,ឥណ្ឌា ៨នាក់ ,ថៃ ៣នាក់ ,មីយ៉ាន់ម៉ា ៣នាក់ ,កាមេរ៉ូន ៣នាក់ ,នីហ្សេរីយ៉ា ២នាក់ ,សេរ៉ាលីអូន ២នាក់ និងយូហ្គាន់ដា ៤នាក់។
របាយការណ៍បន្តថា ក្នុងចំណោមនោះជនបរទេសទាំងនោះ មានលិខិតឆ្លងដែន ៣៣នាក់ និងគ្មានលិខិតឆ្លងដែន ៨១នាក់។ ដោយឡែកក៏ជនជាតិខ្មែរ ៣៥នាក់ (ស្រី ១៤នាក់) ជាអ្នកបម្រើការងារ ជាអ្នកលក់ភេសជ្ជៈ សន្ដិសុខ អ្នកអនាម័យ និងអ្នកថែសួននៅទីតាំងនោះដែរ។
ចំពោះវត្ថុតាងដែលត្រូវបានដកហូតមាន កុំព្យូទ័រលើតុ ៥៤១គ្រឿង, ទូរសព្ទដៃ ៧៨៨គ្រឿង និងគ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំទៀត។
ជនសង្ស័យ និងឧបករណ៍សម្ភារៈត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។សមត្ថកិច្ចជំនាញកំពុងបន្ដធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕
ដោយ៖ឡុង សំបូរ









