តួកគីជិតឈានដល់កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងអឺរ៉ុប ក្នុងតម្លៃ ៥.៦ ពាន់លានដុល្លារ

អង់ការ៉ា ៖ លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan និយាយថា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានបង្ហាញសញ្ញាវិជ្ជមានទាក់ទិននឹងការបញ្ជាទិញយន្តហោះចម្បាំង Eurofighter Typhoon ពីសំណាក់ប្រទេសតួកគី ដោយលោកបានសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាចង់បញ្ចប់កិច្ចព្រមព្រៀងមានតម្លៃ ៥.៦ពាន់លានដុល្លារនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ekathimerini, ប្រទេសតួកគីចង់បញ្ជាទិញយន្តហោះចម្បាំង Eurofighter រហូតដល់ទៅ ៤០គ្រឿង ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន។ យន្តហោះចម្បាំងដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធអឺរ៉ុប មានដូចជាប្រទេសអាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ដែលតំណាងដោយក្រុមហ៊ុន Airbus, BAE Systems និង Leonardo។

ផ្អែកតាមប្រភពពីកាសែត Wall Street Journal, កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងត្រូវបានប្រកាសក្នុងអំឡុងព្រឹត្តិការណ៍តាំងពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ដល់ទី២៧ ខែកក្កដានេះ។

ប្រទេសតួកគីត្រូវបានប្រភពបង្ហើបឱ្យដឹងថា បានស្វះស្វែងបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែការពិភាក្សានោះបានជាប់គាំង ដោយសារតែអាល្លឺម៉ង់មានការស្ទាក់ស្ទើរ ក្នុងការអនុម័តលើអាជ្ញាប័ណ្ណនាំចេញ។

តួកគី ទោះបីត្រូវបានគេចាត់ទុកថា ជាប្រទេសមានកងទ័ពធំជាងគេទីពីរក្នុងចំណោមរដ្ឋជាសមាជិកណាតូផ្សេងទៀតក៏ដោយ តួកគីនៅតែប្រឈមមុខនឹងកង្វះយន្តហោះចម្បាំង និងសព្វាវុធយោធាទំនើបៗនៅឡើយ។ បញ្ហានេះបានជំរុញឱ្យតួកគីបង្កើនសមត្ថភាពផលិតសម្ភារៈការពារជាតិក្នុងស្រុកយ៉ាងខ្លាំង និងទប់ស្កាត់ការពឹងផ្អែកពីបរទេសក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

ជាក់ស្តែង សព្វថ្ងៃនេះ ប្រទេសតួកគីបានផលិតឡាន និងសព្វាវុធជាច្រើនប្រភេទក្នុងស្រុក រួមទាំងយន្តហោះគ្មានមនុស្សបើក មីស៊ីល និងនាវាចម្បាំងកងទ័ពជើងទឹក។ លើសពីនេះ តួកគីក៏កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៥ របស់ខ្លួន ដែលមានឈ្មោះថា Kaan ផងដែរ។

យន្តហោះចម្បាំង Kaan ត្រូវបានគេរំពឹងថា នឹងចូលខ្លួនមកជំនួសកងយន្តហោះចម្បាំង F-16 ស៊េរីចាស់របស់ទីបញ្ជាការកងទ័ពអាកាស ដែលគេគ្រោងនឹងឈប់ប្រើប្រាសនៅក្នុងឆ្នាំ២០៣០។ ផលិតកម្មដ៏ធំរបស់យន្តហោះចម្បាំង Kaan ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ២០២៨៕

ប្រភព ៖ ekathimerini និង dailysabah ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner