ឯកឧត្តម ជា វ៉ាន់ដេត ៖ ពុទ្ធិសំខាន់នៅក្នុងជីវិតដែលអាចធ្វើឱ្យសិស្សនីមួយៗអាចទទួលបានភាពជោគជ័យបានឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការខិតខំព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានផ្ដល់អនុសាសន៍ណែនាំ និងដំបូន្មានមួយចំនួនទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យខិតខំប្រឹងប្រែងសិក្សាខ្ជាប់ខ្ជួនដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រឡងនៅក្នុងខែសីហា ខាងមុខ ហើយក៏ត្រូវមានក្តីសង្ឃឹមនៅក្នុងជីវិត ប្រឹងប្រែងស្វែងរកចំណេះដឹង ចំណេះធ្វើ និងកំណត់អំពីទិសដៅនៃជីវិតឱ្យបានច្បាស់លាស់ ទើបអាចទទួលជោគជ័យនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ជាពុទ្ធិសំខាន់នៅក្នុងជីវិតដែលអាចធ្វើឱ្យសិស្សនីមួយៗអាចទទួលបានភាពជោគជ័យបាន ឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការខិតខំព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស ។
ប្រសាសន៍ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ១៨ ទីតាំង ក្នុងខេត្តតាកែវ ប្រមាណ ៤ ០០០ នាក់ តាមប្រព័ន្ធវីដេអូ ZOOM ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីជំនាញនៃក្រសួង មន្ទីរ រាជធានីខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកវិទ្យាល័យ ប្រធាន និងគ្រូប្រចាំ ម.ប.ស. ផងដែរ ។
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការកសាងនិងពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែករបស់ ក.ប.ទ. ក្នុងជួយលើកការអប់រំជំនាញបច្ចេកទេសក្នុងវិស័យឌីជីថល ដែលជាវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ ក.ប.ទ. ដើម្បីសម្រេចបាននូវការកសាងពលរដ្ឋឌីជីថល ដូចជា ១) ការផ្តល់អាហារូបករណ៍ជំនាញឌីជីថលប្រមាណ ៦០០កន្លែងក្នុងមួយឆ្នាំ និងការផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ដល់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A, B ឬ C ២) ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រ-វិញ្ញាបនបត្រពាក់ព័ន្ធនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ និង ៣) ការដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (UMS) ជាអាទិ៍ ដែលសកម្មភាពទាំងនេះ គាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចសួរសំណួរដោយផ្ទាល់ ដើម្បី ឯកឧត្តមរដ្ឋមន្ត្រី អាចបកស្រាយជូនម្ចាស់សំណួរផង ក៏ដូចជាផ្តល់ជាព័ត៌មានជូនទៅសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងជំនួបនេះផងដែរ ។
សូមជម្រាបជូនថា គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើន ។
ដោយមានការគាំទ្រនិងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ និងធ្វើជាសាលប្រជុំពីចម្ងាយ ២) បន្ទប់បណ្តុះបណ្តាល សម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ៣) ប៉ុស្តិ៍ប្រៃសណីយ៍ សម្រាប់ផ្តល់សេវាទទួលនិងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍ និង ៤) សាលសាធារណៈ សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀត៕
ដោយ ៖ ង៉ាន់ ទិត្យ






