លោក ត្រាំ បញ្ចុះពន្ធហ្វីលីពីន ១ភាគរយ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយហ្វីលីពីន សម្រេចបានហើយ គឺ ទម្លាក់ពន្ធគយបដិការ ពី២០ភាគរយ មកត្រឹម ១៩ភាគរយ មានន័យថា បញ្ចុះ ១%។
លោក Trump បាននិយាយ នៅលើវេទិកាទំនាក់ទំនងសង្គម Truth Social បន្ទាប់ពីស្វាគមន៍សមភាគី លោកប្រធានាធិបតី ហ្វីលីពីន Ferdinand Marcos នៅសេតវិមាន កាលពីថ្ងៃអង្គារថា «យើងបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង ដែលហ្វីលីពីន កំពុងដំណើរការទីផ្សារ បើកចំហ ជាមួយសហរដ្ឋអាមេរិក»។
ក្នុងពេលជួបគ្នា ប្រធានាធិបតី អាមេរិក រូបនេះ បាននិយាយថា លោក Ferdinand Marcos គឺជាអ្នកចរចាដ៏តឹងតែង។ តែ លោក Trump ថែមទាំងប្រាប់អ្នកសារព័ត៌មានថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ ជាមួយហ្វីលីពីន។
គួរបញ្ជាក់ថា ហ្វីលីពីន ដែលជាអតីតអាណានិគម របស់អាមេរិក និងជាសម្ព័ន្ធមិត្តដ៏យូរអង្វែង ស្ថិតក្នុងចំណោមប្រទេស ដែលប្រឈមមុខនឹងលោក Trump ជាមួយនឹងលិខិតបញ្ជាក់ពីការតំឡើងពន្ធ ក្នុងខែនេះ ដោយព្រមាន ថែមពន្ធ ២០ភាគរយ លើទំនិញទាំងអស់ របស់ប្រទេសទាំងនោះ ដែលនាំចូល ទៅក្នុងសហរដ្ឋអាមេរិក ដែលនឹងចូលជាធរមាន នៅថ្ងៃទី១ ខែសីហា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
