លោក Trump ចេញវីដេអូក្លែងបន្លំ ថាលោក អូបាម៉ា ត្រូវបានចាប់ខ្លួន

បរទេស ៖ តាមរយៈបណ្តាញសង្គម Truth Social លោក Trump បានបង្ហោះវីដេអូ ក្លែងបន្លំថា លោក អតីតប្រធានាធិបតី អូបាម៉ា ត្រូវបាន FBI ចាប់វាយខ្នោះ ដល់ការិយាល័យ Oval យកទៅញាត់គុក។

ទីភ្នាក់ងារព័ត៌មាន The Hill បានចេញផ្សាយថា វីដេអូ រយៈពេល៣០វិនាទី ដែលហាក់ដូចជា មានប្រភព ចេញពីបណ្តាញសង្គម TikTok ហើយត្រូវបានប្រធានាធិបតី Trump បង្ហោះ កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា បង្ហាញពីមន្ត្រី និយាយថា “គ្មាននរណានៅពីលើច្បាប់ទេ”។ រីឯ លោក Trump អង្គុយនៅទល់មុខ លោក Obama ដោយញញឹម ខណៈដែលអតីតប្រធានាធិបតី អាមេរិកនេះ ត្រូវបានភ្នាក់ងារ FBI នាំខ្លួនយកទៅ ហើយក៏មានអមនឹងបទចម្រៀង “Y.M.C.A” ផងដែរ។

ការិយាល័យ របស់លោក Obama បានបដិសេធ មិនធ្វើអត្ថាធិប្បាយនោះទេ។ ប៉ុន្តែ វីដេអូនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់ ពីនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard ដែលចោទថា មន្ត្រីរបស់លោកអូបាម៉ា បង្កើតចារកម្ម ដែលនាំឲ្យ រុស្ស៊ីជ្រៀតជ្រែក ក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១៦។ លោកស្រី Gabbard បាននិយាយ កាលពីសប្តាហ៍មុន នៅក្នុងកំណត់ហេតុមួយថា លោកស្រីកំពុងបង្វែរភស្តុតាង ទៅក្រសួងយុត្តិធម៌ សម្រាប់ការបញ្ជូនបន្ត លើឧក្រិដ្ឋកម្ម ដែលអាចកើតមាន។
តែ គណបក្សប្រជាធិបតេយ្យ បានកំណត់ការវាយតម្លៃ របស់លោកស្រី Gabbard ថា ធ្វើឡើង ក្រោមហេតុផលនយោបាយ។

ការបង្ហោះវីដេអូ របស់លោក Trump ក៏បានកើតឡើង ចំពេលដែលប្រធានាធិបតី រូបនេះ បានព្យាយាមបង្វែរការផ្តោតអារម្មណ៍ ពីភាពចម្រូងចម្រាស ដែលថា លោកមានទំនាក់ទំនងជាមួយ ពិរុទ្ធជនជួញដូរ ផ្លូវភេទ ដែលបានស្លាប់ក្នុងគុក គឺ លោក Jeffrey Epstein។

ជាការកត់សម្គាល់ លោក Trump ជារឿយៗ តែងតែ បង្ហោះវីដេអូ ដែលបង្កើត ឬ រៀបចំដោយ AI ឡើងវិញ នៅលើគណនី Truth Social របស់លោក ហើយ លោកក៏ធ្លាប់ធ្វើរូបភាព AI ជាសម្តេចប៉ាប ទៀងផង៕

ប្រភពពី The Hill ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner