ឯកឧត្តម ម៉ម ប៊ុននាង លើកទឹកចិត្តដល់អាជ្ញាធរខេត្តព្រះវិហារ បន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
(ព្រះវិហារ)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលំទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ។
ឯកឧត្តម ម៉ម ប៊ុននាង លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល អបរំ ទេសចរណ៍ រ៉ែ និងថាមពល និងជាពិសេសវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានធ្វើឱ្យខេត្តព្រះវិហារមានការរីកចម្រើនលើគ្រប់វិស័យ ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា ក៏បានអញ្ជើញចុះពិនិត្យទិដ្ឋភាព នៃការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពខេត្តផងដែរ ៕






ដោយ / គ្រី សម្បត្តិ