លោកខាងលិចចោទអ៊ីរ៉ង់យកលេសបាញ់ផ្កាយរណបបង្វែរជាការអភិវឌ្ឍកម្មវិធីមីស៊ិលបាលីស្ទិក

តេហេរ៉ង់ ៖ ប្រទេសលោកខាងលិចបានចោទប្រកាន់អ៊ីរ៉ង់ចំៗថា កំពុងប្រើប្រាស់លេសបាញ់បង្ហោះសាកល្បងគ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបឡើងទីអវកាស តាមរយៈយានអវកាស suborbital នៅថ្ងៃទី២១ ខែកក្កដា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធីអភិវឌ្ឍមីស៊ីលបាលីស្ទិករបស់ខ្លួន។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Associate Press, នេះជាការបាញ់សាកល្បងលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្រោយផ្ទុះសង្គ្រាមអស់រយៈពេល ១២ថ្ងៃកាលពីខែមិថុនា និងការទម្លាក់គ្រាប់បែកមិនធ្លាប់មានរបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរចំនួន៣កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់។

ឆ្លើយតបការចោទប្រកាន់របស់ប្រទេសលោកខាងលិច ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានចុះផ្សាយថា ការបាញ់បង្ហោះគ្រាប់រ៉ុក្តែតផ្ទុកផ្កាយរណប Ghased ធ្វើឡើងមានគោលបំណងវាយតម្លៃបច្ចេកវិទ្យាថ្មី ដែលកំពុងអភិវឌ្ឍន៍នៅក្នុងឧស្សាហកម្មអវកាសរបស់ប្រទេសអ៊ីរ៉ង់។

យោងតាមរបាយការណ៍, លទ្ធផលប្រមូលបានពីការធ្វើតេស្តនេះ នឹងជួយកែលម្អមុខងាររបស់ផ្កាយរណប និងប្រព័ន្ធអវកាសរបស់អ៊ីរ៉ង់ ប៉ុន្តែរបាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការបាញ់សាកល្បង ឬពីទីតាំដែលគ្រាប់រ៉ុក្កែតត្រូវបានបាញ់បង្ហោះនោះទេ។

កន្លងមក អ៊ីរ៉ង់តែងបាញ់បង្ហោះផ្កាយរណប ដើម្បីបញ្ជូនផ្កាយរណបរបស់ខ្លួនទៅកាន់លំហអាកាស។ តួយ៉ាង កាលពីខែកញ្ញាឆ្នាំមុន អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបមួយគ្រឿងឡើងទីអវកាស ដោយប្រើប្រាស់រ៉ុក្កែតមួយគ្រាប់ ដែលបង្កើតឡើងដោយកងឆ្មាំបដិវត្តន៍យោធាប៉ារ៉ារបស់ប្រទេសអ៊ីរ៉ង់។

Ghased ដែលជាគ្រាប់រ៉ុក្កែតផ្ទុកឥន្ធនៈរឹង និងរាវ ត្រូវបានអ៊ីរ៉ង់ដាក់ដំណើរការដំបូងក្នុងឆ្នាំ២០២០ ដោយឆ្មាំបដិវត្តន៍យោធាប៉ារ៉ារបស់ប្រទេសអ៊ីរ៉ង់ ជាពេលវេលាដែលវាបញ្ជូនផ្កាយរណបយោធាទៅដាក់នៅក្នុងគន្លងតារាវិថី។

ក្រឡេកមើលសង្គ្រាមរវាងអ៊ីស្រាអែល-អ៊ីរ៉ង់ កាលពីខែមិថុនាវិញ បានសម្លាប់ជនជាតិអ៊ីរ៉ង់ជិត ១.១០០នាក់ រួមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ ហើយការសងសឹករបស់អ៊ីរ៉ង់វិញ បានសម្លាប់មនុស្ស ២៨នាក់នៅខាងទឹកដីភាគីអ៊ីស្រាអែល៕

ប្រភព ៖ Associate Press ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner