រដ្ឋបាលខេត្តកំពង់ស្ពឺបំផុសឱ្យប្រជាពលរដ្ឋស្រឡាញ់ព្រៃឈើ និងនាំគ្នាដាំកូនឈើ
កំពង់ស្ពឺ៖កូនឈើគ្រប់ប្រភេទប្រមាណ២៥០០ដើម ត្រូវបានដាំ និងចែកជូនប្រជាពលរដ្ឋយកទៅដាំកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នៅបរិវេណស្នាក់ការទ្វារទឹកស្ទឹងតូច ភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។សកម្មភាពនេះរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចូលរួមអបអរសាទររុក្ខទិវា៩ កក្កដា ។
ពិធីនេះមានការអញ្ជើញចូលរួមឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
ជាមួយគ្នានឹងការលើកឡើងពីប្រវត្តិនៃការប្រារព្ធពិធីរុក្ខទិវា៩កក្កដានិងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជាចំពោះវិស័យព្រៃឈើ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋគ្រប់រូបឱ្យនាំគ្នាស្រឡាញ់ព្រៃឈើ និងបន្តនាំគ្នាដាំកូនឈើឡើងវិញ។ទន្ទឹមនេះសមត្ថកិច្ចជំនាញត្រូវសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រឱ្យសកម្ម និងមិនអនុគ្រោះគ្រប់ទង្វើបំផ្លាញធនធានធម្មជាតិ៕



ដោយ៖ ម៉ុន សំអាត