ឯកអគ្គរដ្ឋទូតឆែកថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងឆែក។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ជាពិសេសចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់រូបឯកឧត្តមផ្ទាល់ ក៏ដូចជាមន្រ្តីការទូតនៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងអំឡុងបេសកកម្មការទូតរបស់ឯកឧត្តម៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

