ផ្លូវកៅស៊ូ៧ខ្សែប្រវែងជាង១២២គីឡូម៉ែត្រ រួមចំណែកលើកកម្ពស់គុណភាព​ជីវិត​អ្នកខេត្តបាត់ដំបង

បាត់ដំបង៖មិនមែនកើតឡើងដោយឯកឯង តែបានកើតឡើងដោយកិច្ចខិតខំប្រឹង​ប្រែង​​និងយកចិត្តទុកដាក់ពី​រាជរដ្ឋា​ភិបាល​ផ្លូវ​ក្រាលកៅស៊ូចំនួន៧ខ្សែមានប្រវែងសរុប ១២២គីឡូម៉ែត្រ ស្ថិតនៅស្រុកចំនួន៦ ក្នុងភូមិសាស្ត្រ​ខេត្តបាត់ដំបង​បានទទួល​ការថែទាំជាប្រចាំ និងកំពុងបម្រើដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋនៅ​ក្នុងតំបន់​ទាំងនេះ។ពិសេសការដឹកជញ្ជូននានា។

ផ្លូវថែទាំប្រចាំទាំង៧ខ្សែនេះ គឺជាប្រភេទផ្លូវក្រាលកៅស៊ូDBST មាន ទទឹង៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅក្នុង​ស្រុកមោងឬស្សី រុក្ខគីរី សង្កែ គាស់ក្រឡ សំឡូត និងស្រុកថ្ម​គោល។​ជាមួយនឹងការក្រាលកៅស៊ូ ដងផ្លូវក៏​មានការដាក់​នូវស្លាកចរាចរណ៍ចំនួន​៣០៨ស្លាក នៅស្ថិតស្រុកថ្មគោល ស្រុកបាណន់ ស្រុករុក្ខគីរី ស្រុកមោងឫស្សី ស្រុកឯកភ្នំ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ផងដែរ ។ការដ្ឋាននេះអនុវត្តដោយ​នាយកដ្ឋាន​ផ្លូវលំជនបទ។

ពិនិត្យវាយតម្លៃអំពីគុណភាពផ្លូវ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាង​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិក​គណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍​ជនបទបាន​ដឹកនាំគណៈប្រតិភូអន្តរ​ក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់​ដំបង អញ្ជើញ​ត្រួត​ពិនិត្យ​​និងធ្វើការវាយតម្លៃលើការងារថែទាំប្រចាំ តំណាក់កាលទី១។

ក្នុងដំណើរពិនិត្យវាយតម្លៃ​ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា​សមាជិក​គណៈកម្មាធិការលទ្ធកម្ម បានកោតសរសើរ និងលើកទឹកចិត្ត​ដល់ក្រុមការងារ និងមន្ត្រីអនុវត្តគម្រោងផ្ទាល់ ឱ្យ​បន្តខិតខំក្នុងការបំពេញ​កាតព្វកិច្ច​លើការងារអនុវត្ត​គម្រោងដោយការទទួលខុសត្រូវខ្ពស់ និងត្រូវធ្វើឱ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ស្ថិតនៅលើផ្លូវទើបជួសជុលរួច ឯកឧត្តមរដ្ឋលេខាធិការបានគូសរំលេចថា ក្រោយពីការ​ថែ​ទាំ​ជួសជុល កែលម្អឱ្យ​ប្រសើរ​រួចហើយ ប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផល​តាម​ដង​ផ្លូវទាំងនោះ ពិតជាទទួលបាននូវការលើកកម្ពស់​ជីវភាព ទាំងការរស់នៅនិងសេដ្ឋ​កិច្ចគ្រួសារ។ប៉ុន្តែមានរឿងមួយដែលឯកឧត្តមរដ្ឋលេខាធិការមិនភ្លេចក្នុងការរំលឹក
នោះ គឺការចុះត្រួតពិនិត្យមើលផ្លូវនិងយកចិត្តទុកដាក់ក្នុងការថែទាំផ្លូវ ដែលមានក្នុងភូ​មិសាស្ត្រ​ខេត្តខ្លួន​ឱ្យបានជាប់​ជាប្រចាំ។ពិសេសផ្លូវនៅតាមជនបទនៅក្នុងរដូវវស្សា៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner