ឥណ្ឌាត្រៀមបញ្ចេញយន្តហោះចម្បាំងទំនើបៗធ្វើសមយុទ្ធយោធាខ្នាតធំក្បែរព្រំដែនប៉ាគីស្ថាន
កៀវ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ប្រភពផ្លូវការថា កងទ័ពអាកាសឥណ្ឌា ហៅកាត់ (IAF) នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា នៅក្នុងរដ្ឋ Rajasthan ជាប់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន។
យោងតាមសារព័ត៌មាន India Today, សមយុទ្ធយោធានេះ ឥណ្ឌាគ្រោងប្រើប្រាស់កងយន្តហោះចម្បាំងសំខាន់ៗ ជាមួយនឹងយន្តហោះចម្បាំងជួរមុខ មានដូចជាយន្តហោះរុស្ស៊ី Sukhoi Su-30 យន្តហោះបារាំង Rafale និង Mirage 2000 ក៏ដូចជាប្រព័ន្ធការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ។
ក្រុមមន្ត្រីឥណ្ឌាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សមយុទ្ធយោធានេះ នឹងផ្តោតលើការពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការវាយប្រហារនៅពេលយប់ ហើយវាជាផ្នែកមួយនៃការហ្វឹកហាត់ត្រៀមលក្ខណៈធ្វើប្រតិបត្តិការជាប្រចាំរបស់កងទ័ពអាកាសឥណ្ឌា ដើម្បីប្រុងជើងការប្រយុទ្ធនឹងសត្រូវ។
ល្បែងសង្គ្រាមទ្រង់ទ្រាយធំនេះ កើតឡើងពីរខែបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតមិនធ្លាប់មានរវាងយោធាឥណ្ឌា និងប៉ាគីស្ថាន ដែលជាគូរសត្រូវក្នុងដៃមានអាវុធនុយក្លេអ៊ែរទាំងពីរ ដោយសារតែអ្នកទេសចរចំនួន២៦នាក់ ត្រូវបានបាញ់សម្លាប់ពីសំណាក់ទ័ពព្រៃមួយក្រុមនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា