អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ការបាញ់ប្រហាររបស់ភាគីថៃមកលើកម្ពុជាមានចំនួន៨ទីតាំង និងកម្ពុជាបានកំពុងកាន់កាប់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុង

(ភ្នំពេញ)៖ ក្នុងការប៉ះទង្គិចប្រដាប់អាវុធដែលកងទ័ពថៃបានបាញ់ប្រហារយ៉ាងងងើលមកលើដែនអធិបតេយ្យភាពកម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥នេះភាគីបានបាញ់អាវុធធន់ធំ និងបានប្រើយន្តហោះ F-១៦មកលើកម្ពុជាយ៉ាងណាក្តី តែកងទ័ពកម្ពុជាដ៏អង់អាចក្លាហានបានធ្វើការវាយបកយ៉ាងអង់អាចក្លាហានក្នុងនេះបានកាន់កាប់យ៉ាងរឹងមាំនៅប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែ កក្កដាឆ្នាំ ២០២៥នេះបានឱ្យដឹងថាចំពោះតំបន់ទាំង៨ដែលកំពុងមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លានេះរួមមាន ប្រាសាទឧត្តរមានជ័យ និងប្រាសាទព្រះវិហារដូចជា៖ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី ភ្នំខ្មោច អានសេះ និងតំបន់មុំបី។

លោកជំទាវបានមានប្រសាសន៍ថា”មកដល់ពេលនេះកងទ័ពកំពុងឈរយ៉ាងរឹងមាំ។សម្រាប់តំបន់ចាប់ផ្តើមផ្ទុះនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីយើងបានកាន់កាប់យ៉ាងរឹងមាំទាំងស្រុង”។

គួរបញ្ជាក់ថាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជាទេ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner