អាជ្ញាធរមីន ថ្កោលទោសលើកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម មកលើទឹកដីប្រទេសកម្ពុជា តាមបណ្តោយព្រំដែន
(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន ដោយថ្កោលទោសលើកម្លាំងកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម មកលើទឹកដីប្រទេសកម្ពុជា តាមបណ្តោយព្រំដែន។ សកម្មភាពនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ។
សេចក្តីថ្លែងការណ៍ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារដូច្នេះថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ ព្រំដែនក្នុងទឹកដីកម្ពុជា។
តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។
ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ កម្ពុជា បានយល់ច្បាស់អំពីផលប៉ះពាល់ ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់ប្រភេទនេះ ដែលបានទម្លាក់ជាច្រើនលានគ្រាប់នៅក្នុងសម័យសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរារាំងការអភិវឌ្ឍ ជំនាន់ទៅមុខ និងបង្កភាពភ័យក្លាចដល់សហគមន៍ជាច្រើន ។
ការប្រើប្រាស់គ្រាប់បែកចង្កោមជាពិសេសនៅក្នុងតំបន់ព្រំដែនដែលមានប្រជាជនរស់នៅកកកុញ គឺជាទង្វើបំពានដែលមិនអាចទទួលយកបានឡើយ ព្រោះវាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់។ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ប៉ុន្តែ ការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ ពិតជាបានគំរាមកំហែងដល់អាយុជីវិត និងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្ត ដែលបានសាងមកអស់ រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
អាជ្ញាធរមីន សូមធ្វើការថ្កោលទោសជាខ្លាំងចំពោះទង្វើនេះ និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់អាវុធប្រភេទនេះ។
ទង្វើនេះកើតឡើងខណៈពេលដែលកម្ពុជា បាននិងកំពុងរក្សានូវភាពអត់ធ្មត់ជាអតិប្បរមា និងអនុលោមពេញលេញទៅតាមគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ អាជ្ញាធរមីន សូមរំលឹកដក់គ្រប់ភាគីផងដែរថា វឌ្ឍនភាពសកម្មភាពមីន និងសន្តិភាពក្នុងតំបន់ អាចសម្រេចបានតាមរយៈកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការបដិសេធដាច់ខាតចំពោះ អំពើហឹង្សា និងការប្រើប្រាស់កម្លាំងយោធា។
អាជ្ញាធរមីន សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងគណនេយ្យភាព និងស្នើអញ្ជើញដល់សហគមន៍អន្តរជាតិ រួមទាំង អង្គការសហប្រជាជាតិ អាស៊ាន និងគ្រប់ស្ថាប័ន ពាក់ព័ន្ធទៅនឹងការរំសាយអាវុធមនុស្សធម៌ ចូលរួមតាមដានស្ថានការណ៍ ។
ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពនេះជាបន្ទាន់និងត្រូវរក្សានូវគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។
របាយការណ៍បានបញ្ជាក់ថា នៅវេលាម៉ោង ០៥:២៥ នាទីព្រឹក យោធាថៃបានទម្លាក់គ្រាប់បែក ចង្កោមនៅទីតាំងភ្នំខ្មោច នៅតាមបណ្តោយព្រំដែនខេត្តព្រះវិហារ។ ការវាយប្រហារនេះ បានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ក្នុងតំបន់ព្រំដែន និងបំពានចំពោះច្បាប់អន្តរជាតិ។ ការវាយប្រហារ លើកទីពីរគឺនៅវេលាម៉ោង ០៦:៥០ នាទីនៅទីតាំងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ដែលបានគំរាម កំហែងដល់អាយុជីវិតប្រជាជននៅតាមតំបន់ព្រំដែន ៕




ដោយ ៖ វណ្ណលុក