ថៃបញ្ចេញវីដេអូដ្រូនទម្លាក់គ្រាប់បែកក្បែរព្រំដែនកម្ពុជា
បាងកក ៖ វីដេអូឯកសារដែលចេញផ្សាយដោយកងទ័ពភូមិន្ទថៃ និងត្រូវបានថតកាលពីថ្ងៃទី២៤ ខែកក្កដា បានបង្ហាញពីសកម្មភាពបង្កើនការវាយប្រហាររបស់ថៃមកលើប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែកនៅលើភ្នំ Phu Ma Kuae ដែលយោធាថៃនិយាយថា ជាទីតាំងឃ្លាំងអាវុធកម្ពុជានៅជិតប្រាសាទព្រះវិហារដែលមានជម្លោះ។ យោធាថៃបានធ្វើប្រតិបត្តិការទម្លាក់គ្រាប់ដោយយន្តហោះគ្មានមនុស្សបើកនៅជិតព្រំដែនកម្ពុជា។
ផ្អែកតាមសេចក្តីរាយការណ៍របស់ AFP, មនុស្សជាង ១០០.០០០នាក់បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅតាមព្រំដែនដ៏បង្ហូរឈាមបំផុតរវាងប្រទេសថៃ និងកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍ ដោយសារចំនួនអ្នកស្លាប់បានកើនឡើង ហើយមហាអំណាចអន្តរជាតិបានជំរុញឱ្យបញ្ឈប់អរិភាពជាបន្ទាន់។
ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃមួយបានផ្ទុះឡើងរហូតឈានដល់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងការប្រើប្រាស់យន្តហោះចម្បាំង កាំភ្លើងធំ រថក្រោះ និងកងទ័ពជើងគោក កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីវិបត្តិនេះនៅថ្ងៃសុក្រទី២៥ ខែកក្កដា។
ក្រសួងមហាផ្ទៃថៃបាននិយាយថា មនុស្សជាង១០ម៉ឺននាក់មកពីខេត្តជាប់ព្រំដែនកម្ពុជាចំនួន៤ ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នជិត ៣០០កន្លែង ខណៈក្រសួងសុខាភិបាលថៃបានប្រកាសថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤នាក់ ក្នុងនោះ ១៣នាក់ជាជនស៊ីវិល និងម្នាក់ទៀតជាទាហាន៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា