ប្រជាជនស្រុកអូររាំងឪប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី និង វរ:កងទ័ពជួរមុខកម្ពុជា

(ភ្នំពេញ)៖ ប្រជាជននៅក្នុងស្រុកអូររាំងឪ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការដឹកនាំប្រកប ទៅដោយភាពឈ្លាវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានប្រកាសគាំទ្រចំពោះវរ:កងទ័ពជួរមុខកម្ពុជា ដែលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដីដែលបង្កឡើងដោយកងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ប្រជាជនទូទាំងស្រុកអូររាំងឪ បានបង្ហាញពីការគាំទ្រយ៉ាងនេះ នៅក្នុងអំឡុងពេល ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរគ្រប់ថ្នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន អូររាំងឪ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់បំផុតចំពោះប្រជាជននិងប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជម្លោះនានា តាមផ្លូវច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ដែលរក្សាជំហរយ៉ាងមុតមាំថា នឹងគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរួមសាមគ្គីគ្នាជាកម្លាំងនិងទឹកចិត្ត ការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរយើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយប្រជាជនកម្ពុជា សូមបួងសួងដល់វត្តស័ក្តិសិទ្ធិទាំងឡាយក្នងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី បារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បារមីថែរក្សាប្រាសាទវត្តព្រះធាតុបាស្រី បារមីអតីតមេទ័ពខ្មែរគ្រប់ជំនាន់ សូមជួយបីបាច់ ថែរក្សា ការពារ ប្រោះព្រំ កងកម្លាំងជួរមុខរបស់កម្ពុជា ដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងទទួលបានជោគជ័យលើខ្មាំងសត្រូវ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner