អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ មកទល់នឹងព្រឹកថ្ងៃទី២៧កក្កដា ទាហានថៃ នៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកំរោល គ្មានញញើតនូវច្បាប់អន្តរជាតិ
ភ្នំពេញ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា មកទល់នឹងព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃ នៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកំរោល និងគ្មានញញើតនូវច្បាប់អន្តរជាតិ ហើយទង្វើរបស់ថៃ កាន់តែគឃ្លើន និងបានពង្រីកការឈ្លានពាន គំរាមកំហែងដល់ដែនអធិបតេយ្យភាពកម្ពុជា ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា មកទល់នឹងព្រឹកថ្ងៃទី២៧កក្កដានេះ ការឈ្លានពានរបស់ថៃមកលើកម្ពុជា បានបំពានទៅទីតាំងផ្សេងៗទៀត កើនឡើងលើសដើមពីតំបន់ដែលមានជម្លោះនៃព្រំដែន រីករាលដាលមកកាន់ទីតាំងផ្សេងៗទៀត ដោយការគំរាមកំហែង ការដាក់សម្ពាធ និងការចល័តនូវសម្ភារសឹកសភាវុធផ្សេងៗ ។
លោកជំទាវឧត្តមសេនីយ៍ បានចាត់ទុកទង្វើដ៏ងងឹតងងុលនេះ បានបង្កវិនាសកម្មជារៀងរាល់ថ្ងៃដោយបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិល ក្នុងនោះរួមទាំងវត្តអារាម មណ្ឌលសុខភាព ស្ថានីយប្រេងឥន្ធនៈ ផ្សារ ភូមិឋាន ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្ករបួសដល់ជនស៊ីវិលមានស្រ្ដី កុមារ និងជនចាស់ចរាផងដែរ ។
អ្នកនាំពាក្យដដែល បន្ថែមថា ចាប់តាំងពីថ្ងៃទី២៦កក្កដា វេលាម៉ោង៥ព្រឹក រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧កក្កដានេះ ថៃបើកការបាញ់ប្រហារជាបន្តបន្ទាប់ និងរហូតមកកាន់កម្ពុជានៅទីតាំងផ្សេងៗគ្នាលើដែនអធិបតេយ្យរបស់កម្ពុជា ។ គ្រប់ទីតាំងទាំងអស់ ដែលទាហានថៃ បានវាយចូលមកកាន់ដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើកាំភ្លើងធំ យន្តហោះ គ្រាប់បែកចង្កោម ដ្រូន និងទាហានថ្មើជើង ប៉ុន្ដែកម្លាំងជួរមុខរបស់កម្ពុជា បានបន្តវាយបកវិញយ៉ាងសកម្ម និងមិនញញើត ដោយតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀលក្នុងការការពារដែនដីកម្ពុជា ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕
