អ្នកនាំពាក្យក្រសួងការបរទេស ៖ ជំហរប្រកបដោយសុឆន្ទៈរស់កម្ពុជាកំពុងបានទទួលការគាំទ្រពីអន្តរជាតិ និងទាមទារឱ្យថៃឈប់ពុតត្បុតអាក្រក់ចោទប្រកាន់កម្ពុជា លើការវាយប្រហារជនស៊ីវិល

(ភ្នំពេញ)៖ សហគមន៍អន្តរជាតិបានធ្វើការគាំទ្រចំពោះជំហរប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយចង់ឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងឥតលក្ខខណ្ឌ រវាងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយនិងធ្វើការដោះស្រាយជម្លោះដោយសន្តិវិធីតាមការសន្ទនា និង ការទូត ។ ជាមួយគ្នានេះថៃត្រូវតែបញ្ឈប់ការចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់ថាបានវាយប្រហារទៅលើជនស៊ីវិល។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព នៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជានាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា៖បើគេមើលប្រព័ន្ធផ្សព្វផ្សាយរបស់ភាគីថៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថាក្រសួងការបរទេសថៃកំពុងតែត្រៀមរៀបចំដើម្បីធ្វើការប្តឹងតវ៉ាទៅ គណៈកម្មការកាកបាទក្រហមអន្តរជាតិ និងប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដោយចោទប្រកាន់កម្ពុជាថាបានរំលោភច្បាប់មនុស្សធម៌ អន្តរជាតិ ជាពិសេសគឺ ចោទដោយគ្មានមូលដ្ឋាន សំអាងថា កម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល មន្ទីរពេទ្យជាដើម ។

ឯកឧត្តមបានថ្លែងជុំវិញបញ្ហានេះថា”ពាក់ព័ន្ធនឹងការចោទប្រកាន់នេះកម្ពុជាសូមធ្វើការបដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានដ្ឋាន របស់ក្រសួងការបរទេសថៃដូចដែលបានលើកឡើង ខាងលើនេះ ។ ការអះអាងថាកងទ័ពកម្ពុជាបានបើកវាយប្រហារដោយមិនរើសមុខចំពោះជនស៊ីវិល ទីតាំងសាធារណៈ គឺជាការបំភាន់ ខុសពីការពិត និងជាពុតត្បុតអាក្រក់ របស់ថៃតែប៉ុណ្ណោះ” ។

អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងបញ្ជាក់បន្ថែមថាពោះបញ្ហាមីនវិញ កម្ពុជាសូមគូសបញ្ជាក់ថាកម្ពុជានៅតែរដ្ឋភាគី ប្រកបដោយប្តេជ្ញាចិត្ត ខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា និងតែងបានសហការ យ៉ាងសកម្មជាមួយស្ថាប័នបោសំអាតមីន អន្តរជាតិ និងបានទទូលស្គាល់ បានទទួលការសរសើរ ពីសហគមន៍អន្តរជាតិ ពិសេស អង្គការសហប្រជាជាតិ ។

ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងបន្ថែមថាកម្ពុជាសូមអះអាងជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយជម្លោះវិវាទដោយសន្តិវិធីរវាងប្រទេសទាំងពីរ ។

កម្ពុជា ស្វាគមន៍ចំពោះការអំពាវនាវក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី និងកម្ពុជាជំរុញឱ្យប្រទេសថៃ ត្រឡប់ទៅវេទិការវិញជាជាង ថៃដែលបានធ្វើការចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន នានាប្រឆាំងនឹងកម្ពុជា ។ ជាមួយគ្នានេះកម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាតិ និង អាស៊ានផងដែរ សូមពិនិត្យមើលស្ថានការណ៍ប្រកបដោយសុភក្តិវិនិឆ័យ ដោយពិចារណា ទៅលើបរិបទប្រវត្តិសាស្រ្ត នៃការឈ្លានពានរបស់ថៃ និងការប្រកាន់យករបស់កម្ពុជានូវយន្តការ កាទូត ជាដរាបរៀងមកក្នុងការដោះស្រាយជាមួយប្រទេសថៃ ។ កម្ពុជាសូមប្តេជ្ញាចិត្តការពារជាតិ អធិបតេយ្យភាព សុខសន្តិភាពនិ ងស្ថេរភាពក្នុងតំបន់ ។ ជាមួយគ្នាកម្ពុជាសុំជំរុញឱ្យភាគីថៃធ្វើអ្វីប្រកបដោយការទទួលខុសត្រូវ ដើម្បីបញ្ច្រៀសតានតឹងរវាងប្រទេសទាំង ២បន្ថែមទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner