អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ទោះព្រមព្រៀងឲ្យមានបទឈប់បាញ់ តាមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីអាមេរិក ក៏ភាគីថៃ បន្តបាញ់ចូលទឹកដីកម្ពុជា
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា បើទោះបីជាថៃ ឯកភាពឲ្យមាន បទឈប់បាញ់ តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាងណាក្ដី ប៉ុន្តែទាហានថៃ នៅតែបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយគ្មានញញើតដៃ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា មកទល់ម៉ោងនេះ គឺជាថ្ងៃទី៤ ដែលទាហានថៃ នៅតែបន្តឈ្លានពានដីកម្ពុជាទាំងកម្រោល បង្កើនការទម្លាក់គ្រាប់បែក ជាពិសេសគ្រាប់ចង្កោម ដោយគ្មានញញើតនៃច្បាប់អន្តរជាតិ ។
សម្រាប់ការវិវត្តន៍នៃសភាពការណ៍ នៃការប្រយុទ្ធគ្នា និងការបាញ់ប្រហារពីភាគីថៃមកលើកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីម្សិលមិញវេលាម៉ោង៥ នៅក្នុងយុទ្ធភូមិភាគទី៤ គឺម៉ោង៥ព្រឹក ថៃបានចាប់ផ្ដើមវាយនៅតំបន់ជាំតែ បុស្បូវ ដែលឃើញថា មានការបាញ់បន្តបន្ទាប់។
អ្នកនាំពាក្យដដែល បន្ថែមថា នៅក្នុងទីតាំងផ្សេងៗ ក្នុងភូមិសាស្រ្តមួយចំនួន នៅយុទ្ធភូមិភាគទី៤ យន្តហោះថៃ បានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅតាមផ្លូវឡើងទៅប្រាសាទព្រះវិហារ និងម៉ោង១១៖៥៦នាទី យន្តហោះថៃ បានទម្លាក់គ្រាប់បែកចង្កោម នៅភ្នំខ្មោច រហូតមកដល់ ម៉ោង២៖៣០នាទី ថៃបានប្រើរថក្រោះមកវាយនៅតំបន់វាលឥន្ទ្រី។
ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា សភាពការណ៍អាចរាប់ថយចុះមកវិញ រហូតដល់ម៉ោង២២៖០០យប់ ទើបទាហានថៃ ចាប់ផ្ដើមវាយប្រហារជាថ្មីមកលើកម្ពុជា ។
កំណត់ហេតុក្នុងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ រួមមាន៖
ម៉ោង ២រំលងអធ្រាត្រ ថៃ បានផ្លោងទៅកាន់តំបន់វាលឥន្ទ្រី ។
ម៉ោង ២៖៣០នាទីព្រឹក ថៃ បានវាយផ្លោងដាក់នៅតំបន់តាថាវ និងភ្នំខ្មោច ដោយដ្រូនសំកាំងជាប្រចាំ ។
ម៉ោង ៤៖៥០នាទីព្រឹក ថៃបានចាប់ផ្ដើមវាយប្រហារ ដោយបាញ់កាំភ្លើងធំចូលប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។
ម៉ោង ៦៖០០នាទីព្រឹក ថៃបានចាប់ផ្ដើមវាយថ្មើជើងបន្ថែមទៀតចូលភ្នំខ្មោច ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ ៖ វណ្ណលុក
