អ៊ីស្រាអែលអនុញ្ញាតឱ្យបន្តទម្លាក់ជំនួយតាមអាកាសនៅហ្គាហ្សា
ហ្សេរុយសាឡឹម ៖ អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងអនុញ្ញាតឱ្យអាហារត្រូវបានទម្លាក់តាមអាកាសទៅកាន់តំបន់ហ្គាហ្សា និងកំណត់ច្រករបៀងមនុស្សធម៌សម្រាប់ក្បួនរថយន្តជំនួយរបស់អង្គការសហប្រជាជាតិ ខណៈប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ប្រឈមមុខនឹងការគំរាមកំហែងពីគ្រោះទុរ្ភិក្ស។
ការប្រកាសបែបនេះរបស់អ៊ីស្រាអែល កើតឡើចំពេលដែលទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីននិយាយថា ជនជាតិប៉ាឡេស្ទីនច្រើនជាង ៥០នាក់ទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ និងការបាញ់ប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ នៅពេលពួកគេមួយចំនួនឈររង់ចាំជំនួយនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយ។
សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលបានបញ្ជាក់ថា ការសម្រេចចិត្តនេះ នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា និងបដិសេធការអះអាងមិនពិត នៃការបង្កភាពអត់ឃ្លានដោយចេតនានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា ការទម្លាក់ជំនួយតាមអាកាសនៅតំបន់ហ្គាហ្សា នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ ហើយថា ការផ្តល់ជំនួយនេះនឹងធ្វើឡើងដោយប្រទេសអារ៉ាប់រួម និងហ្ស៊កដានី។
ទន្ទឹមគ្នា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានបង្ហាញការគាំទ្រគំនិតនេះ ដោយសន្យាថា នឹងធ្វើការជាមួយហ្ស៊កដានី ដើម្បីចាប់ផ្តើមការទម្លាក់ជំនួយតាមយន្តហោះឡើងវិញនៅតំបន់ហ្គាហ្សា។
គួរកត់សម្គាល់ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារនៅខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស់បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១.២១៩នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។
យុទ្ធនាការរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥៩.៧៣៣នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

