អង់គ្លេស-អូស្រ្តាលីស៊ីញ៉េលើសន្ធិសញ្ញា ៥០ឆ្នាំជំរុញការផលិតនាវាមុជទឹកនុយក្លេអ៊ែរ

ស៊ីដនី ៖ ចក្រភពអង់គ្លេស និងអូស្ត្រាលី នៅថ្ងៃទី២៦ ខែកក្កដា បានចុះហត្ថលេខាលើសន្ធិសញ្ញាជាប្រវត្តិសាស្រ្តមួយ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរយៈពេល ៥០ឆ្នាំ ក្នុងភាពជាដៃគូអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ស្ថិតក្រោមក្របខណ្ឌ AUKUS។

កិច្ចព្រមព្រៀង AUKUS ដែលរូមគ្នាបង្កើតឡើងដោយប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ មានគោលបំណងផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរចាប់ពីទសវត្សរ៍ក្រោយ ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ប្រទេសចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សន្ធិសញ្ញា Geelong រវាងអង់គ្លេស និងអូស្រ្តាលី ដែលទើបស៊ីញ៉េនេះ ត្រូវបានរំពឹងថា នឹងគាំទ្រកម្មវិធីអភិវឌ្ឍ៍នាវាមុជទឹករយៈពេល ៥០ឆ្នាំ រួមទាំងការអភិវឌ្ឍនាវាមុជទឹកចម្បាំងដំណើរការដោយថាមពលនុយក្លេអ៊ែរ (SSN) និងជំរុញក្របខណ្ឌ AUKUS ដែលកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។

យោងតាមក្រសួងការពារជាតិអូស្ត្រាលី, សន្ធិសញ្ញា Geelong នឹងមានតម្លៃ រហូតដល់ ២៧ពាន់លានដុល្លារចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចចក្រភពអង់គ្លេស នៅក្នុងការនាំចេញរយៈពេល ២៥ឆ្នាំខាងមុខ និងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។

AUKUS គឺជាកិច្ចព្រមព្រៀងការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់អូស្ត្រាលី ដោយទីក្រុងកង់បេរ៉ាប្តេជ្ញាជះលុយដល់ទៅជាង ២៤១ពាន់លានដុល្លារក្នុងរយៈពេល ៣ទសវត្សរ៍សម្រាប់ AUKUS ដែលរួមបញ្ចូលទាំងការវិនិយោគលុយរាប់ពាន់លានដុល្លារនៅក្នុងមូលដ្ឋានផលិតកម្មរបស់សហរដ្ឋអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner