បញ្ជូនតៃកុងរថយន្ដបើកបុកកិនតាចៅស្លាប់ ២នាក់ ចំណែកចៅតូចម្នាក់ទៀតរងរបួសស្រាលទៅតុលាការ ដើម្បីចាត់តាមនីតិវិធី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនតៃកុងរថយន្ដដែលបើករថយន្ដកុងតៃន័រ បុកម៉ូតូតាម្នាក់ដឹកចៅ២នាក់មកពីលេងផ្ទះម្ដាយ បណ្ដាលឲ្យស្លាប់តា និងចៅម្នាក់ ចំណែកចៅម្នាក់ទៀតរងរបួសស្រាល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះទី១មានឈ្មោះហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំជ្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល ជាជីតាបានស្លាប់ ទី២ឈ្មោះ រុំ ដាណេ ភេទស្រីអាយុ ៩ឆ្នាំ ស្នាក់នៅជាមួយគ្នា ជាចៅស្លាប់ និងទី៣ ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ ជាចៅរងរបួសស្រាល។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ខណៈដែលលោកតាម្នាក់ជិះម៉ូតូឌុបចៅប្រុសស្រី ២នាក់ទៀតទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួស ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក លុះត្រឡប់មកវិញត្រូវបានរថយន្តហ៊ីណូ ប៉ះម៉ូតូលោកតាពីក្រោយ បណ្តាលឲ្យខ្ទាតទាំងចៅ និងតា២នាក់ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត និងចៅប្រុសតូចម្នាក់ទៀត ខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៦និង១៥ នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១ ៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្របំបែកជាបួន ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុ ចៅទាំង២ដែលរស់នៅជាមួយលោកតានៅស្រុកស្អាង ខេត្តកណ្តាល បាននឹកដល់ឪពុកម្តាយរបស់ពួកគេដែលទើបតែទិញដីនៅសង្កាត់រលួសខណ្ឌដង្កោធ្វើផ្ទះស្នាក់នៅ ទើបគាត់ជាលោកតាបានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1X-0846 ឌុបចៅប្រុសស្រីទាំង២នាក់ ចេញពីផ្ទះនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីនាំចៅទៅលេងឪពុកម្តាយរបស់ពួកគេនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ ។
លុះដល់ពេលកើតហេតុគាត់ក៏បានជិះម៉ូតូឌុបចៅទាំង២នាក់ត្រឡប់ទៅផ្ទះវិញ តាមបណ្តោយផ្លូវ៥០ម៉ែត្រ លុះដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកប្រសព្វជា៤ លោកតាបានជិះម៉ូតូបត់ពីជើងមកកើតឆ្ពោះទៅផ្ទះវិញ ជិតនឹងផុតទៅហើយ ស្រាប់តែមានរថយន្តម៉ាកហ៊ីណូ ពណ៌លឿងលាយពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 3A-4207 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត សង្ស័យក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានបុកប៉ះពីក្រោយម៉ូតូរបស់លោកតា បណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះជាលោកតា និងចៅស្រីទៅលើដងផ្លូវត្រូវបានរថយន្តបង្កកិនធ្លាយខួរស្លាប់នៅនឹងកន្លែង។ ចំណែកចៅប្រុសម្នាក់ទៀតខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល។ រីឯរថយន្តបង្កបានបើករត់ចម្ងាយជិត២ គីឡូដី ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់បានទាំងរថយន្ត និងអ្នកបើកបរ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរ ៕ធ.ដ
ដោយ ៖ បញ្ញា