បទឈប់បាញ់រវាងកម្ពុជា និងថៃ កំពុងតែសង្គ្រោះជីវិតមនុស្ស ដែលប្រឈមនឹងការប្រយុទ្ធគ្នានៅតាមព្រំដែន ដែលបានធ្វើឱ្យមានការបាត់បង់ជីវិត និងជនភៀសសឹករាប់ម៉ឺននាក់
(ភ្នំពេញ)៖ ភាពស្ងប់ស្ងាត់បានកើតមានតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្នូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នាលែងមានទៀតហើយ ចាប់ពីវេលាម៉ោង១២យប់អាធាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ យើងឃើញថាប្រជាជនភៀសសឹក គេចចេញពីការប្រយុទ្ធគ្នានៅតាមព្រំដែន រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ មានសេចក្តីត្រេកអរ និងបានលើកឡើងឡើង «អរគុណសន្តិភាព» និងអរគុណដល់ការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំបង្កើតឱ្យមានការរក្សាបទឈប់បាញ់នេះឡើង ដើម្បីកុំឲ្យមានការវិនាសបាត់បង់អាយុជីវិត ។
អ្នកស្រី ជុំ ហឿន ប្រជាពលរដ្ឋ នៅភូមិទំនប់អភិវឌ្ឍន៍ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានលើកឡើងអំពីអរគុណសន្តិភាព នៅពេលដែលឮថាមានការឈប់បាញ់គ្នានៅតាមតំបន់ព្រំដែន ដែល អ្នកនិងគ្រួសារ បានរត់គេចចេញមួយរយៈពេលកន្លងមកនេះ ដើម្បីប្រជាពលរដ្ឋគេចផុតពីគ្រោះថ្នាក់អាយុជីវិត មានការលំបាក។
អ្នកស្រី សឿន ស្រីមាស មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបង្ហាញអារម្មណ៍រីករាយ និងបានយល់ថាបទឈប់បាញ់នេះគឺជាការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធដែលបានកើតមាននៅតាមតំបន់ព្រំដែនរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំនិងវីរកងទ៍ពកម្ពុជាទាំងអស់ និងប្រជាជនកម្ពុជាគ្រប់ទោសទី ដែលបានស្វែងរកសន្តិភាព ដើម្បីផលប្រយោជន៍សម្រាប់ជាតិនិងមាតុភូមិកម្ពុជា។
ជាមួយគ្នានេះប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនៅទូទាំងប្រទេស បានថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពរបស់កម្ពុជា មិនឱ្យមានការរំលោភបំពាន និងបាត់បង់មួយមីលីម៉ែត្រណាមួយឡើយ ។ ជាមួយគ្នានេះ កត្តាសុខសន្តិភាព នៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈ សម្រាប់ការធានាការរស់នៅប្រកបដោយសុវត្ថិភាព ។
គួររំលឹកផងថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នាប្រដាប់អាវុធ នៅតាមតំបន់ព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានធ្វើឱ្យមានមនុស្សស្លាប់មួយចំនួន និងបង្កឱ្យមានជនភៀសសឹករាប់ម៉ឺននាក់ ។ បទឈប់បាញ់បានកើតឡើង ត្រូវបានឯកភាពគ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ី រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ហើយដោយមានការចូលរួមជាសាក្សីពីតំណាងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ ។
សូមបញ្ជាក់ថា ៖ ការវាយប្រហារដោយប្រដាប់អាវុធពីសំណាក់ភាគីថៃមកលើកម្ពុជា រហូតក្លាយជាសង្គ្រាមនៅតាមព្រំដែន បានធ្វើឱ្យប្រជាជនកម្ពុជា ចាកចេញពីផ្ទះសម្បែង និងក្លាយជាជនភៀសសឹក មានចំនួនសរុបប្រមាណជា ៣មុឺនគ្រួសារ ស្មើនឹងចំនួនជាង១៣ម៉ឺននាក់ ៕
ដោយ ៖ គ្រី សម្បត្តិ , បូរិន , អ៊ួន ស្រីរុំ









