ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយសម្តេចតេជោ ទៅឧបត្ថម្ភដល់អតីតយុទ្ធជន១០គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ មន្ត្រីយោធាខេត្តព្រះវិហារ បាននិយាយថា ក្រៅពីកិច្ចការងារការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំអង្គភាព ចូលរួមក្នុងវិស័យនានាជាច្រើននៅក្នុងសង្គម ដូចជា វិស័យមនុស្សធម៌ និងមនុស្សធម៌ ជាដើម។ល។

ដោយមើលឃើញពីការលំបាករបស់អតីតយុទ្ធជន ដែលភាគច្រើនគឺជាជនពិការ នៅក្រោយសម័យសង្គ្រាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារ នាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ១០គ្រួសារ ដែលកំពុងជួបប្រទះ នូវការខ្វះខាតជីវភាព នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១៣ឧសភាម្សិលមិញនេះ ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលត្រូវផ្តល់ជូនអតីតយុទ្ធជន ទាំង១០គ្រួសារនាពេលនេះ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ ប៊ីចេង១គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកបរិសុទ្ធ១ពិដុង មានចំណុះ២០លីត្រ និងថវិកា ១០ម៉ឺនរៀល ថែមទៀតផង។ ស្របពេលជាមួយគ្នានោះដែរ អភិបាលស្រុកឆែប លោក សុខ សាន្តតារ៉ា លោកបានជួយឧបត្ថម្ភបន្ថែម នូវថវិកា ៥០ម៉ឺនរៀល អង្ករ ៥បេ ត្រីខកំប៉ុង ៥យួរ មី ៥កេស និងទឹកស៊ីអ៊ីវ ៥យួរ ផងទៀត។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីអគ្គលេខាធិការសមាគមអតីយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលខេត្ត លោក អ៊ុន ចាន់ដា ជូនចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលបានក្លាយជាជនពិការ ដោយសារវិនាសកម្មនៃសង្គ្រាម ហើយអតីតយុទ្ធជនទាំងអស់ គឺជាអ្នកមានគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។

លោកឧត្តមសេនីយ៍ ប្រធានសមាគម បានមានប្រសាសន៍ទៀតថា ដោយមើលឃើញពីការលំបាករបស់បងប្អូនអតីតយុទ្ធជន និងចង់ប្រមែប្រមូលអតីតយុទ្ធជនឡើងវិញនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានបង្កើត សមាគមអតីតយុទ្ធជនកម្ពុជា នេះឡើងហើយសម្តេច ឈរធ្វើជាប្រធានសមាគម ដើម្បីចង់ដឹងពីភាពសុខទុក្ខរបស់បងប្អូនយុទ្ធជន ដែលនៅសេសសល់ ក្រោយការបញ្ចប់សង្គ្រាមនៅកម្ពុជា នាច្រើនទសវត្សន៍កន្លងមកនេះ៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner