ជំនួបរវាងសម្តេចប្រធានរដ្ឋសភាកម្ពុជា ជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបជាមួយ ឯកឧត្តម ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ខណៈដែល ឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ នាពេលនេះ  ពិតជាបានឆ្លុះបញ្ចំាងពីការបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ កម្ពុជា-នេប៉ាល់ ដែលមានតាំងពីយូរណាស់មកហើយឱ្យកាន់តែប្រសើរឡើងថែមទៀត។  

សម្តេចប្រធានសភាកម្ពុជាបានលើកឡើងថា កម្ពុជា-នេប៉ាល់ បានភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នាតំាងពីដើមទសវត្សឆ្នាំ៦០ តែបានអាក់ខានទៅវិញក្នុងអំឡុងពេលដែល ប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ហើយប្រទេសទំាងពីរក៏បានភ្ជាប់ទំនាក់ទំនងការ ទូតនេះឡើងវិញក្នុងឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសកម្ពុជាមានការបង្រួបបង្រួមជាតិ និងទទួល បានសុខសន្តិភាពពេញលេញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿមុតមំាថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់នេះ  ប្រទេសទំាងពីរនឹង បង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ដើម្បីឧត្តមប្រយោជន៍រួម នៃប្រជាជាតិ ទំាងសងខាង។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានកោតសសើរ និងគាំទ្រចំពោះរដ្ឋាភិ បាលនៃប្រទេសទាំងពីរ ដែលបានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញលើកកម្ពស់វិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្ម។ សម្តេចបាន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំង សងខាងទេ គឺបានរួមចំណែកថែរក្សា ការពារសន្តិសុខ សន្តិភាព នៅក្នុងតំបន់ និងសកល លោកនៅក្នុងកាលៈទេសៈបច្ចុប្បន្នដែលសភាពការណ៍សកលលោក មានការប្រែប្រួលមិន ទៀងទាត់ផងដែរ។ 

សម្តេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មភាពរបស់ នេប៉ាល់នៅក្នុងវេទិកាអន្តរជាតិនានាជាអាទិ៍៖ សន្និសីទអន្តរជាតិស្តីពីគណបក្សនយោបាយ អាស៊ី (អាយកាប់) និងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រទេសនេប៉ាល់ធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នា២០១៨កន្លងទៅប្រកបដោយជោគជ័យ។ នាឱកាសនេះនាយករដ្ឋមន្ត្រីនេប៉ាល់ ឯកឧត្តម ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរកម្ពុជានេ-ប៉ាល់ ព្រមទាំង បានសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលតែងបានសហការ និងគាំទ្រគ្នាទៅ វិញទៅមកនៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរីកចំរើនខាងផ្នែក សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស ដែលប្រការនេះនេប៉ាល់សូមរៀនសូត្រតាម សម្រាប់យកទៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់។ ជាមួយគ្នានេះឯកឧត្តមបានចាត់ ទុកការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការវិនិយោគ រវាងកម្ពុជា និងនេប៉ាល់ ថាជាកិច្ចការសំខាន់ដែលត្រូវធ្វើដើម្បីនាំមកនូវផល ប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner