គណៈប្រតិភូក្រសួងបរិស្ថាន សប្បុរសជន ស្រុកអូររាំងឪ បាននាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពកម្ពុជានៅជួរមុខ
ភ្នំពេញ៖គណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារក្រសួង បរិស្ថាន សហការជាមួយក្រុមការងារស្រ្តីនិងកុមារ សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន យុវជននៃសហភាពសព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន (ស.ស.យ.ក.) យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមមូលដ្ឋាន អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ រួមជាមួយសប្បុរសជន បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើន និងថវិកាមួយចំនួន ទៅផ្ដល់ជូនប្រជាពលរដ្ឋ ភៀសសឹក ពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅមណ្ឌលសុវត្ថិភាព និងកងទ័ពកម្ពុជានៅជួរមុខ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ការនាំយកនូវជំនួយទាំងនេះធ្វើឡើងតបតាមគំនិតផ្តួចផ្តើមនិងដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងពេលកន្លងមក ស្តីពីការចូលរួមគាំទ្រដល់ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពស្វាហាប់និងវាងវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែន ការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា និងការគាំទ្រដោយស្មោះស្ម័គ្រចំពោះដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហាននៅជួរមុខ និងជនភៀសសឹកនៅតាមភូមិសាស្រ្ត តំបន់ព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ម៉ាដេប៉ូ








