ប្អូនស្រីរបស់លោក Kim Jong-un ថា អាមេរិកត្រូវទទួលស្គាល់ កូរ៉េខាងជើង ជាមហាអំណាចនុយក្លេអ៊ែរ
បរទេស៖ នាង Kim Yo-jong ដែលជាប្អូនស្រី របស់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា អាមេរិកត្រូវតែ ហ៊ានទទួលស្គាល់ កូរ៉េខាងជើង គឺជាប្រទេស មហាអំណាចអាវុធ នុយក្លេអ៊ែរ ជាអចិន្ត្រៃយ៍។
អនុប្រធានគណៈកម្មាធិការមជ្ឈិម នៃ គណបក្សពលករកូរ៉េ រូបនេះ បានព្រមានថា យោងតាមទំនងផ្ទាល់ខ្លួន រវាងលោក Kim Jong-un និង ប្រធានាធិបតីអាមេរិក លោក Donald Trump មិនគួរបង្ខំទីក្រុង ព្យុងយ៉ាង ឱ្យលុបបំបាត់នុយក្លេអ៊ែរ នោះទេ ដោយនាង បានលើកពីគុណសម្បត្តិ នៃ ទំនាក់ទំនងការទូត ជាប្រវត្តិសាស្ត្រ រវាងអាមេរិក និងកូរ៉េខាងជើង កាលពីអាណត្តិទី១ របស់លោក Trump ដែលមានការផ្លាស់ប្តូរ បរិយាកាសនយោបាយ យ៉ាងខ្លាំង។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT លោក Trump បានជួបលោក Kim Jong-un ចំនួន ៣ដង នៅចន្លោះឆ្នាំ ២០១៨ និង ២០១៩ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចរចារលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ជាថ្នូរនឹងការធានាសន្តិសុខ និងការបន្ធូរបន្ថយសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណា ក៏គ្មានការសម្រេច កិច្ចព្រមព្រៀងយូរអង្វែងណាមួយ ឡើយ ហើយការចរចា ត្រូវបានជាប់គាំង។
កូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា មានអាវុធនុយក្លេអ៊ែរ ប្រហែល ៥០ ឈុត ហើយទទូចថា ឃ្លាំងអាវុធ គឺជាការរារាំង យ៉ាងសំខាន់ ប្រឆាំងនឹងការលុកលុយដ៏មានសក្តានុពល របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលតែងតែធ្វើសមយុទ្ធយោធា នៅជិតព្រំដែន របស់ខ្លួន៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
