ប្រធានរដ្ឋសភាវៀតណាម អបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ

(ស្វីស)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានកំពុងបំពេញបេសកកម្មការទូតនៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ ។

ប្រធានរដ្ឋសភាប្រទេសទាំពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក ។ នៅក្នុងនោះភាគីវៀតណាម បានអបអរសាទរ ចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយងាកមកដោះស្រាយដោយសន្តិវិធី យកការចរចាជាធំនាំមកនូវសុខសន្តិភាពដល់ជូនប្រជាពលរដ្ឋទាំងពីរប្រទេសនិងក៏ដូចជាតំបន់ផងដែរ។

ក្នុងនាមប្រទេសជាមិត្ត ភូមិផងរបងជាប់គ្នានេះ វៀតណាមនឹងចូលរួមសង្កេតការណ៍លើបទឈប់បាញ់នេះផងដែរ ។

ថ្នាក់ដឹកនាំប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ដែលប្រទេសទាណងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទាំងកម្រិតទ្វេភាគីនិងពហុភាគី ។

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ជិន ថាញ់មិន បានសន្យារួមគ្នានឹងបន្តខិតខំជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាហើយនោះ ឱ្យទទួលបានលទ្ធផលកាន់តែច្រើនឡើង ជូនប្រជាពលរដ្ឋនិងប្រទេសទាំងសងខាង ។

ជាពិសេសការជំរុញឱ្យមានការផ្លាស់ប្តូរគ្នាកាន់តែសកម្មឡើងរវាងសមាជិកសភាវ័យក្មេង ក្រុមមិត្តភាព គណៈកម្មការជំនាញ ថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ ក៏ដូចជាកម្រិតថ្នាក់ដឹកនាំ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner