អូស្ត្រាលីនឹងហាមក្មេងៗអាយុក្រោម ១៦ឆ្នាំមើល Youtube
កង់បេរ៉ា ៖ អូស្ត្រាលីគ្រោងប្រើប្រាស់ច្បាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់ ដើម្បីហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ពីការចូលមើលកម្មវិធីវីដេអូដ៏ល្បីលំដាប់ពិភពលោក YouTube ក្រោមហេតុផលការពារពួកគេពីគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាច។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្រ្តាលី លោកស្រី Anika Wells បាននិយាយនៅថ្ងៃទី៣០ ខែកក្កដាថា កុមារអូស្ត្រាលី ៤នាក់ក្នុងចំណោម ១០នាក់ត្រូវបានគេរាយការណ៍ថា បានមើលមាតិកាដែលបង្កគ្រោះថ្នាក់នៅលើ YouTube ដែលជាកម្មវិធី ឬគេហទំព័រមួយ ក្នុងចំណោមគេហទំព័រមានអ្នកចូលមើលច្រើនបំផុតនៅលើពិភពលោក។
ក្រៅពីហាមឃាត់មើល YouTube, ប្រទេសអូស្ត្រាលីក៏បានប្រកាសកាលពីឆ្នាំមុនដែរថា ខ្លួនកំពុងរៀបចំច្បាប់ដែលនឹងរឹតត្បិតកុមារពីការចូលមើលគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗផងដែរ មានដូចជា Facebook, TikTok និង Instagram រហូតដល់ពួកគេមានអាយុលើស ១៦ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃពុធនេះថា ក្មេងៗមានអាយុក្រោម ១៦ឆ្នាំ នឹងមិនអាចមានគណនីនៅលើ YouTube បានទៀតទេ។
លោក Albanese មានវ័យ៦២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ជាងនេះទៅទៀត ពួកគេក៏នឹងមិនអាចមានគណនីនៅលើ Facebook, Instagram, Snapchat, TikTok និង X ក្នុងចំណោមវេទិកាផ្សេងទៀតដែរ។ យើងចង់ឲ្យឪពុកម្តាយ និងក្រុមគ្រួសារអូស្ត្រាលីដឹងថា យើងបានជួយកូនៗរបស់ពួកគេ។
ជាមួយគ្នានេះ ក្រុមហ៊ុន YouTube បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលជំហររបស់ខ្លួននៅតែច្បាស់លាស់ គឺថា YouTube ជាវេទិកាចែករំលែកវីដេអូ ដែលមានគុណភាពខ្ពស់ និងឥតគិតថ្លៃ ហើយថា ខ្លួនមិនដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គមទេ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា