ភរិយាឯកឧត្តមអភិបាលខេត្តកំពត នាំអំណោយទៅជូនគ្រួសារវីរៈកងទ័ពដែលបានបំពេញភារកិច្ចនៅសមរភូមិមុខ
កំពត៖កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនិងភរិយាអភិបាលខេត្តកំពត បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារ វីរៈកងទ័ព ជ្រីវ ម៉ៅ ដែលជាយុទ្ធជនជួរមុខកំពុងប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។

លោក ជ្រីវ ម៉ៅ មានកូនប្រុសចំនួន២នាក់ក្នុងបន្ទុក។ម្នាក់អាយុ ១០ឆ្នាំនិងម្នាក់ទៀតអាយុ ៨ឆ្នាំ ។បច្ចុប្បន្នកូនទាំងពីររស់នៅជាមួយជីដូនជរា។

ក្នុងឱកាសនោះ លោកជំទាវ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចជាកាលឯកឧត្តមតែងតែគិតគូរជានិច្ចនូររាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ក៏បានលើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានយកចិត្តទុកដាក់ខ្លាំងចំពោះវីរៈកងទ័ពជួរមុខរបស់យើង ដោយបានធ្វើការចង្អុលបង្ហាញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវដឹងពីសមាសភាពវីរៈកងទ័ពដែលត្រូវទៅបំពេញភារកិច្ចនៅសមរភូមិមុខក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អំណោយដែលផ្តល់ជូនមាន អង្ករ , ទឹកដោះគោឆៅ, ទឹកដោះគោកូនក្មេង , មី, ត្រីខ, ទឹកត្រី, អាវកីឡា, កាតាបស្ពាយ, ភួយ , កន្ទេល , នំកញ្ចប់ និងថវិកាមួយចំនួន៕
ដោយ៖ សិលា សារិន
