កម្ពុជា បង្ហាញការសោកស្តាយដែលថៃនៅតែចិញ្ចឹមចិត្តបន្តបង្កើនការចោទប្រកាន់ ទម្លាក់កំហុសកម្ពុជា ជាជាង ផ្តោតទៅលើការដោះស្រាយបញ្ហា

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបង្ហាញ ការសោកស្តាយដែលប្រទេសថៃនៅតែបន្តបង្កើនការចោទប្រកាន់ទម្លាក់កំហុសមកកាន់កម្ពុជា ជាជាងការផ្តោតទៅលើយន្តការរួម និងកិច្ចសន្ទនាសុច្ចចិត្តដូចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានថ្លែងដោយធ្វើការក្រើនរំលឹកដល់ភាគីថៃថាសកម្មភាពបែបនេះវាគ្រាន់តែជាការគ្រោះថ្នាក់ ធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការផុយស្រួយដែលសម្រេចបានរបស់ប្រទេសទាំងពីរ រហូតមកដល់ពេលនេះ។

ជាមួយគ្នានេះដែរក្រសួងការបរទេសកម្ពុជា បានធ្វើការបដិសេធរបស់ភាគីថៃ ក្នុងសកម្មភាពកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក ដែលបានចោទថាកងកម្លាំងប្រដាប់អាវុធកម្ពុជាបានរំលោភបំពានទៅលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា។

ត្រង់ចំណុចនេះអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងដោយបញ្ជាក់ដូច្នេះថា”កម្ពុជាសូមធ្វើការអះអាងជាថ្មីម្តងទៀតថាកងកម្លាំងប្រដាប់អាវុធកម្ពុជាបានគោរពដោយត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ។ ការលើកឡើងអំពីការវាយប្រហាររបស់កងទ័ពកម្ពុជាបន្ទាប់កពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា បានចូលជាធរមានគឺជាការលើកឡើងដោយគ្មានមូលដ្ឋាន ហើយវាផ្ទុយអំពីការពិតដែលបានកើតឡើងនៅព្រំដែននៃប្រទេសទាំងពីរ”។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានប្រាប់បញ្ជាក់ប្រាប់ដល់ភាគីថៃដែរថា”ការចោទប្រកាន់កងកម្លាំងកម្ពុជាមានគោលដៅទៅលើជនស៊ីវិលឬក៏បានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សគឺពុំមានមូលដ្ឋានសំអាងទាល់តែសោះ។កម្ពុជាជានិច្ចជាកាលគោរពទៅកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងរួមទាំងអនុសញ្ញាអូតាវ៉ា “។

ជាមួយគ្នាអ្នកពាក្យក្រសួងការបរទេសបានបញ្ជាក់ដែរថាកម្ពុជាបាន ប្រើប្រាស់ជាបន្ទាន់នូវក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលមិនលំអៀង ភាគីណាមួយដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ពីកិច្ចឈប់បាញ់គ្នានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner