ក្រសួងបរិស្ថាន និងសប្បុរសជនស្រុកពញាក្រែក រួមសាមគ្គីគ្នាចែករំលែកក្តីស្រឡាញ់ដល់ជនភៀសខ្លួន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានចុះទៅស្រុកពញាក្រែក ដើម្បីរៀបចំចែកជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងជំរំសុវត្ថិភាព។

ក្នុងស្មារតី “ខ្មែរជួយខ្មែរ ខ្មែរតែមួយ” សប្បុរសជនជាច្រើនក្នុងស្រុកពញាក្រែក រួមមាន៖ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសសយក និងសាធារណជន បានចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន ទាំងថវិកា កញ្ចប់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់នានា ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនជនភៀសខ្លួន។

វត្តមានរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាមួយសប្បុរសជនស្រុកពញាក្រែក គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគំរូដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែនៅជាមួយប្រជាពលរដ្ឋជានិច្ច គ្រប់គ្រាលំបាក។

សម្រាប់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ជាច្រើនដែលបានចែកជូនដល់បងប្អូនជនភៀសខ្លួន រួមមាន៖ តង់ ក្រមា ឈុតីឡា អាវភ្លៀង ម្សៅសាប៊ូ ធូបមូស ថ្នាំដុសធ្មេញ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ទឹកផ្លែឈើ កាហ្វេ ត្រីខកំប៉ុង មី និងសៀង ជាដើម។ ជំនួយទាំងនេះ នឹងជួយផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ និងសម្រាលបន្ទុកក្នុងការរស់នៅរបស់បងប្អូនជនភៀសខ្លួនបានមួយរយៈ។ ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ដោយឆក់យកជីវិតទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹម ដោយមិនអាចយកអ្វីមកជាមួយបាន។ ទុក្ខលំបាកនេះ បានធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner