សម្ដេចតេជោ កោតសរសើរកងកម្លាំងប្រដាប់អាវុធកម្ពុជា គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី៣០កក្កដា បានកោតសរសើរកងកម្លាំងប្រដាប់អាវុធកម្ពុជា គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ ។
សម្ដេចតេជោ បានបញ្ជាលើបណ្ដាញសង្គមថា បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។
សម្ដេចសូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។
សម្ដេចក៏សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។
សម្ដេចតេជោ សូមអរគុណផងដែរដល់ក្រុមអ្នកយកព័ត៌មាន នៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។
សម្ដេចថា បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ ។
សម្ដេចតេជោ បញ្ជាក់ថា ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺ ក្នុងពេលដែលជាតិ និងប្រជាជនកម្ពុជាកំពុងជួបការលំបាក ៕
ដោយ ៖ វណ្ណលុក





