ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ៖ ទាហានថៃ ចាប់កម្លាំងទាហានរបស់លោកចំនួន ២០នាក់ ឈរជើងនៅជាំតែ
(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានថ្លែងពីពុតត្បុតរបស់ទាហានថៃ ដោយការឈឺចាប់ ក្រោយទាហានថៃ មកចាប់កម្លាំងទាហានរបស់លោកចំនួន ២០នាក់ ឈរជើងនៅជាំតែ កាលពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានសួរទៅអនុព័ន្ធយោធា និងមន្រ្តីទូតនានា ដែលចុះអង្កេតការអនុវត្តស្មារតីនៃបទឈប់បាញ់ រវាងកម្ពុជា និងថៃ នៅខេត្តព្រះវិហារ នារសៀលថ្ងៃី៣០កក្កដាថា ខ្ញុំសួរ ឯកឧត្តម អស់លោក ដែលជាសេនានុព័ន្ធយោធាតាមបណ្ដាប្រទេស តើអស់លោកឈឺចាប់ទេ នៅពេលយើងមានបទបញ្ជាឈប់បាញ់ហើយ ទីបំផុតភាគីថៃប្រើល្បិចថោកទាបបំផុត ដែលភ្ជង់លើកម្លាំងរបស់ខ្ញុំនេះ តើអស់លោកឈឺចាប់ទេៗ នៅពេលគេធ្វើអំពើអាក្រក់មកលើយើង ទាំងដែលយើងបញ្ចេញនូវកាយវិការស្មោះត្រង់ទៅជាមួយគេនេះ?។

ក្រោយគាត់ចាប់កម្លាំងខ្ញុំ ២០នាក់ យកទៅ តែបានរត់រួចម្នាក់ នៅសល់១៩នាក់ ប៉ុន្ដែនៅពេលដែលរត់រួច គាត់រត់មកដល់ គាត់ប្រាប់ថា ប្រហែលជាបាញ់សម្លាប់នៅមុខគាត់ ២នាក់ទៀត។ នេះជាស្ថានភាពរួមទូទៅក្នុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ។

លោកមេបញ្ជាការយោធារូបនេះ បានរៀបរាប់ថា នៅពេលគាត់យកលេណដ្ឋានបានហើយ គាត់បក់ដៃហៅឲ្យកម្លាំងខ្ញុំ (ទាហានកម្ពុជា) ឈប់ដើម្បីចរចាគ្នា កម្លាំងយើងឃើញគាត់ (ទាហានថៃ) បក់ដៃហៅ យើងក៏ដើរមកជួបគាត់ ពេលដើរមកចរចាជាមួយគាត់យើងចូលប្រហែល៥-៦នាក់។ នៅពេលជួបគាត់ (ទាហានថៃ) បានបញ្ចេញកាយវិការ និងមានទឹកចិត្តសប្បាយរីករាយជាមួយយើងណាស់ និយាយជាមួយគ្នាល្អណាស់។

នៅពេលសន្ទានគ្នារួចហើយ ទាហានថៃ ក៏បានហៅថត ដើម្បីរក្សាទុកជាអនុស្សាវរីយ៍រវាងកងទ័ពកម្ពុជា-ថៃ ក្រោយបទឈប់បាញ់គ្នា។ នៅពេលកំពុងឈរថត ទាហានថៃ ក៏បានបញ្ជាកម្លាំងគាត់នៅក្នុងព្រៃ លោតមកភ្ជង់កម្លាំងខ្ញុំ (ទាហានកម្ពុជា) ពីក្រោយ ៕
ដោយ ៖ វណ្ណលុក
