ការតំឡើងថ្លៃបារីធ្វើឱ្យអ្នកជក់បារី៥២%នឹងជក់តិចជាងមុនហើយ២៣%នឹងឈប់ជក់ដែលទង្វើនេះធ្វើឲ្យសុខភាពអ្នកជក់បារីប្រសើរជាងមុន

ភ្នំពេញ៖ ការសិក្សាលើទស្សនៈអ្នកជក់បារីជិត៥០០នាក់ក្នុងភូមិសាស្រ្តរាជធានីខេត្តទាំងបី បានរក ឃើញការគាំទ្រដ៏លើសលប់រហូតជាង៨០% ក្នុងការដំឡើងអាករពិសេសលើបារី។ ពេលបារីឡើងថ្លៃ អ្នកជក់បារី ៥២% នឹងជក់តិចជាងមុន ហើយ២៣%នឹងឈប់ជក់ ដែលទង្វើនេះ ធ្វើឲ្យសុខភាពអ្នក ជក់បារីប្រសើរជាងមុន រីឯការចំណាយលើការព្យាបាលជំងឺដែលបង្កដោយការជក់បារីក៏ថយចុះ។ លើសពីនេះទៀត រដ្ឋាភិបាលនឹងចំណាយតិចទៅលើ ប.ស.ស បើប្រជាជន មានសុខភាពល្អជាងមុន។

នេះបើយោងតាម លទ្ធផលអង្កេតស្តីពីថ្លៃបារី និងផលជះនៃថ្លៃបារីទៅលើឥរិយាបថអ្នកជក់បារី នៅក្នុងសន្និសីទសារព័ត៌មានស្តី ថ្លៃបារី និងឥរិយាបថអ្នកប្រើប្រាស់បារីចំពោះការប្រែប្រួលថ្លៃ ដែលឡើងថ្លែងដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានចិន នៃរាជបណ្ឌិតសភាកម្ពុជា និងលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅរាជបណ្ឌិតសភាកម្ពុជា រាជធានីភ្នំពេញ។

ការសិក្សាបានរកឃើញថា ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ថ្លៃបារីលក់នៅលើទៅផ្សារ​កើន ២២.៥% ជាមធ្យម ទោះបីជាកម្ពុជាខកខានមិនបានដំឡើងអាករ​ពិសេស​លើ​បារីក៏ដោយ ក្នុងរយៈ ពេល១០ឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសអាស៊ាន​ភាគ​ច្រើន បានដំឡើងអាករពិសេសជាច្រើន ដងរួចមកហើយ ជាអាទិ៍ ហ្វីលីពីនបាន​ដំឡើង​អាករពិសេស៧ដង សិង្ហបុរី២ដង ថៃឡង់២ដង វៀត ណាម២ដង ពីឆ្នាំ​២០១៦ ដល់ឆ្នាំ២០២៥។

ការដំឡើងអាករពិសេសលើបារី ត្រូវបានបញ្ជាក់ដោយភ ស្តុតាងវិទ្យាសាស្ត្រថា ជាវិធានការឈ្នះ ឈ្នះ ព្រោះរដ្ឋាភិបាលទទួល​បានចំណូល​ពន្ធបន្ថែម រីឯជំងឺ ពិការភាពនិងមរណភាពដោយសារជំងឺដែលបណ្តាលមកពីជក់បារី ថយចុះ។ បើធៀបនឹងបណ្តា ប្រទេសអាស៊ាន កម្ពុជាស្ថិតក្នុងចំណោមប្រទេស​ដែល​មានបន្ទុកពន្ធសរុបលើបារីទាបជាងគេ ត្រឹមតែ ២៥%នៃថ្លៃលក់រាយ បើធៀបនឹង​ថៃឡង់ ៨១% សិង្ហបុរី ៧១% ប៊្រុយណេ ៦២% ហើយកម្ពុជាក៏នៅ ឆ្ងាយពីអត្រា​ដែលផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក ឱ្យយកពន្ធយ៉ាងតិច ៧៥%នៃ ថ្លៃលក់រាយ។

ការចុះអង្កេតពិនិត្យបារីចំនួន ១១ ៣២៥កញ្ចប់ នៅទីតាំងលក់បារីចំនួន៤៨៣កន្លែង ក្នុងរាជ ធានីខេត្តទាំងបី បានរកឃើញថា បារីគ្មានបិទតែមប្រិ៍ពន្ធ ១៥% ត្រូវបាន​ដាក់​លក់នៅលើទីផ្សារ ដែល ការណ៍នេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ចំណូល​ពន្ធ​ជាច្រើនក្នុង ១ឆ្នាំៗ។ ម៉្យាងវិញទៀតការពិនិត្យបារី១១ ៣២៥កញ្ចប់រកឃើញថា មានកញ្ចប់បារីគ្មានសារព្រមានសុខ ភាព ២០.៩% និងកញ្ចប់បារីដែលមានសារ​ព្រមានសុខភាពហួសសុពលភាព ១៣.៣% បាននិងកំពុង ចែកចាយលក់នៅលើ​ទីផ្សារនាពេលបច្ចុប្បន្ននេះ។

ផ្អែកលើលទ្ធផលនៃការសិក្សានេះ អនុសាសន៍សំខាន់បីគួរត្រូវបានគិតគួរពិចារណា៖ (១) រាជ រដ្ឋាភិបាល គួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការជក់បារី និងដើម្បីសម្រេចផែនការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០១៤-២០៣៥ (២) ក្រសួងមាន សមត្ថកិច្ច គួរមានវិធានការឲ្យបានម៉ឺងម៉ាត់លើកញ្ចប់បារីដែល គ្មានតែមប្រិ៍ពន្ធ ដើម្បីទប់ស្កាត់នូវបារីគេចពន្ធ ដែលបញ្ហានេះបានធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ ចំណូល ពន្ធយ៉ាងច្រើន (៣) ក្រសួងមានសមត្ថកិច្ច គួរធ្វើការពិន័យទៅលើ ឧស្សា ហករថ្នាំជក់ ដែលមិនអនុវត្ត តាមបញ្ញតិរបស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ភ និងផ្លាស់ប្តូរសារព្រមានសុខភាព ឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀង រាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្ក ដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់ សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺ ឆ្លងផ្លូវដង្ហើមផ្នែកខាង ក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូល ទាបបំផុត។ លើស ពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង ៣% នៃGDPរបស់កម្ពុជា ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner